ស្មោះត្រង់មែន!!! បុរសម្នាក់ដឹកធាតុរបស់ប្រពន្ធ ដើរកម្សាន្តកន្លែងដែលនាងប៉ងចង់ទៅកាលនៅរស់

ថៃ៖ បុរសវ័យ៤០ឆ្នាំម្នាក់ បានធ្វើដំណើរកម្សាន្តជាមួយធាតុរបស់ប្រពន្ធ ដោយរុញរទេះទៅ​កាន់​ទីកន្លែង​ដែល​នាង​​ប្រាថ្នា​ចង់ទៅ ​កាល​ពី​នាង​នៅ​មាន​ជីវិត​។បុរសនោះត្រូវបានគេប្រទះឃើញ ​រុញរ​ទេះ​ជាមួយនឹង​ឆ្កែ​បី​ក្បាល នៅតាម​ផ្លូវ​ក្នុង​ខេត្ត​ Nakhon Ratchasima។ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Sakchai Suphanthamat បានចាប់ផ្ដើមធ្វើដំណើរ ជាមួយធាតុរបស់ប្រពន្ធ មកទល់បច្ចុប្បន្ននេះអស់រយៈពេល៣ឆ្នាំមកហើយ។ ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ២០១៦ ដោយសារជំងឺតេតាណូស ដែលបណ្ដាលមកពីឆ្កែខាំ។

ប្រភពបានបន្ដថា លោក Sakchai មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ប្រពន្ធជាទីស្រលាញ់របស់គាត់។ កាលនៅរស់ ប្រពន្ធរបស់គាត់បានប្រាប់ថា នាងចង់ទៅលេងភ្នំ និងសមុទ្រ ​​​​នេះជាហេតុដែលគាត់សុខចិត្តធ្វើដំណើរដោយថ្មើរជើងរុញរទេះដើម្បីបំពេញបំណងប្រពន្ធ។កន្លែងដំបូងបង្អស់ដែលលោក Sakchai បាននាំធាតុរបស់ប្រពន្ធទៅ គឺភ្នំ Doi Intanon ដែលស្ថិតនៅក្នុងខេត្តឈៀងម៉ៃ។ គាត់ចំណាយពេលរហូតដល់ទៅ១ឆ្នាំ និងដើរចម្ងាយ ១,៥០០គីឡូម៉ែត្រទៅទីនោះ។ ក្នុងការធ្វើដំណើររបស់គាត់ បានប្រទះជួបនឹងឆ្កែអនាថាបីក្បាលនៅតាមដងផ្លូវ។ ដោយក្ដីអាណិតអាសូរ គាត់បាននាំឆ្កែទាំងបីក្បាលធ្វើដំណើរជាមួយគាត់ទៀតផង។

លោក Sakchai បាននិយាយថា៖«ខ្ញុំប្ដេជ្ញាថានឹងនាំធាតុរបស់ប្រពន្ធធ្វើដំណើរកម្សាន្តជុំវិញប្រទេសឲ្យបាន។ សម្រាប់ការធ្វើដំណើរគឺខ្ញុំតែងតែឈប់សម្រាក រៀងរាល់៣គីឡូម៉ែត្រម្ដង ដើម្បីឲ្យឆ្កែបានសម្រាកដែរ។»

ប្រភពបានឲ្យដឹងទៀតថា អ្នកដំណើរតាមដងផ្លូវដែលបានដឹងពីរឿងរ៉ាវរបស់លោក Sakchai តែងតែឈប់រថយន្ដផ្ដល់ជាចំណីអាហារទៅដល់គាត់ និងឆ្កែជារឿយៗ។ នៅពេលយប់ លោក Sakchai ឈប់សម្រាកដោយមានមុងសម្រាប់ខ្លួនជាមួយធាតុរបស់ប្រពន្ធ និងមុងមួយទៀតសម្រាប់ឆ្កែទាំងបី។បើទោះបីជាប្រពន្ធបានស្លាប់បាត់យូរហើយក៏ពិតមែន លោក Sakchai នឹងនៅតែធ្វើដំណើរជាមួយធាតុរបស់ប្រពន្ធបន្ដទៀត។ ចំពោះរឿងរ៉ាវជីវិតរបស់គាត់ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តនិងរំភើបជំនួសប្រពន្ធរបស់គាត់ទៀតផង៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.