អតីតម្ចាស់កំណត់ត្រាពិភពលោកដែលមានក្រចកវែងជាងគេ ទម្លាយប្រាប់ពីមូលហេតុនៃការបាត់បង់ក្រចករបស់គាត់!

អាមេរិក៖ អ្នកស្រី លី រ៉េតម៉ុន វ័យ៧៩ឆ្នាំ មកពីរដ្ឋ Utah សហរដ្ឋអាមេរិក ជាអតីតម្ចាស់កំណត់ត្រាពិភពលោក Guinness ដែលមានក្រចកវែងជាងគេ។ ហើយអ្នកស្រី មិនបានកាត់វា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ។ចំពោះក្រចកដែលមានប្រវែងវែងបំផុតរបស់អ្នកស្រី គឺមេដៃខាងស្ដាំ ដោយមានប្រវែងចំនួន៩០សង់ទីម៉ែត្រ។

យ៉ាងណាមិញ អ្នកស្រី លី រ៉េតម៉ុន បានបាត់បង់ក្រចកដ៏វែងរបស់គាត់ កាលពីជាង១០ឆ្នាំមុននេះ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងថ្ងៃកើតហេតុ រថយន្ដដែលអ្នកស្រីកំពុងធ្វើដំណើរ បានបាត់បង់ការគ្រប់គ្រង និងជ្រុលទៅបុករថយន្ដចំនួន៣ផ្សេងទៀត ដែលបណ្ដាលឲ្យអ្នកស្រី ខ្ទៀតទៅលើផ្លូវ។

អ្នកស្រី លី រ៉េតម៉ុន បានប្រាប់សារព័ត៌មានឲ្យដឹងថា រឿងដំបូងដែលអ្នកស្រីបានចាប់អារម្មណ៍នោះ គឺក្រចកដៃ ហើយបន្ទាប់ពីបានឃើញវាបាក់ អ្នកស្រីក៏ចាប់ផ្ដើមយំភ្លាមៗ និងស្ទុះទៅប្រមូលវាទុក។ មកទល់ពេលនេះ អ្នកស្រីបានរក្សាទុកបំណែកក្រចកដែលបាក់ ក្នុងថង់ផ្លាស្ទិកមួយ ដើម្បីរម្លឹកថា អ្នកស្រីធ្លាប់ជាម្ចាស់កំណត់ត្រាពិភពលោក Guinness។

អ្នកស្រី លី រ៉េតម៉ុន បានបន្ថែមទៀតថា ការបាត់បង់តំណែងជាម្ចាស់កំណត់ត្រាពិភពលោក គឺជាការពិតមួយដែលអ្នកស្រីត្រូវទទួលស្គាល់ ព្រោះតែគ្រប់យ៉ាងមិនអាចផ្លាស់ប្ដូរបានឡើយ។ ទន្ទឹមនឹងការបាត់បង់ក្រចកនេះដែរ អ្នកស្រីមានអារម្មណ៍ហាក់បីដូចជា បាត់បង់ផ្នែកមួយនៃជីវិតអីចឹង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ម្ចាស់តំណែងកំណត់ត្រាពិភពលោក Guinness ដែលមានក្រចកវែងបំផុត កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកស្រី អាយ៉ានណា វីលលៀម មកពីរដ្ឋ Texas សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published.