អាណិតណាស់! ទទូចសុំឲ្យគ្រូពេទ្យកាត់ដៃចោល ក្រោយជំងឺរើឡើង

បង់ក្លាដែស៖ ជារឿងដ៏គួរឲ្យសង្វេគចិត្តអាណិតយ៉ាងពន់ពេក ចំពោះបុរសជនជាតិបង់ក្លាដែសរហស្សនាម «បុរសដើមឈើ» ម្នាក់ ក្រោយបានឆ្លងកាត់ការវះកាត់អស់ជាច្រើនលើក ទទួលបានការជាសះស្បើយ ខណៈនៅពេលនេះជំងឺក៏ស្រាប់តែរើឡើងវិញ រហូតទទូចសុំឲ្យក្រុមគ្រូពេទ្យកាត់ដៃចោល ដោយសារតែអស់សង្ឃឹម និងឈឺចាប់ដែលមិនអាចទ្រាំបាន។

លោក Abul Bajandar មានអាយុ ២៨ឆ្នាំ ត្រូវបានគេដាក់រហ្សនាមឲ្យលោកថា បុរសដើមឈើ ដោយសារតែលោកកើតមានជំងឺដ៏កម្រ និងគួរឲ្យខ្លាចម្យ៉ាង ដែលភាសាបច្ចេកទេសហៅថា «Epidermodysplasia Verruciformis» (ឬហៅកាត់ថា EV) ជាប្រភេទជំងឺដុះដុំសាច់នៅផ្នែកដៃឬជើង -ល- យ៉ាងស្មុគស្មាញគួរឲ្យញញើត ដែលបណ្តាលមកពីបញ្ហាហ្សែន និងជាពិសេសនោះ វាក៏បានវាយកលុកប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឲ្យចុះអន់ខ្សោយថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា កន្លងមក អតីតអ្នកអូសឆៃកែវ (ស្រដៀងស៊ីក្លូ) និងជាបុរសកូនមួយរូបនេះ ពោលគឺលោក Bajandar ក៏ធ្លាប់បានឆ្លងកាត់ការវះកាត់ បើគិតទៅសរុបអស់ចំនួន ២៥ដងមកហើយ តាំងពីកំឡុងឆ្នាំ២០១៦ (ដោយឥតគិតថ្លៃ) ដើម្បីយកដុំសាច់ដុះដ៏អាក្រក់ដែលមានទម្ងន់ប្រមាណជា ៥គីឡូក្រាមទាំងនេះ ចេញពីដៃនិងជើងរបស់លោកដោយជោគជ័យ ស្របពេលដែលក្រុមគ្រូពេទ្យក៏មានក្តីសង្ឃឹមដែរថា ជំងឺរបស់លោក Bajandar នឹងមិនរើឡើងវិញផងដែរ។

ផ្ទុយទៅវិញ ខណៈដែលអាការជំងឺទើបតែបានជាធូរស្បើយមិនទាន់ទាំងបានប៉ុន្មានផង លោក Bajandar ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាថ្មី កាលពីកំឡុងខែមករា នាដើមឆ្នាំនេះ បន្ទាប់ពីស្ថានភាពជំងឺរបស់លោកបានរើឡើង ដុះដុំសាច់ដ៏អាក្រក់នេះជាថ្មី រហូតធ្វើឲ្យរូបលោកទទូចស្នើសុំឲ្យក្រុមគ្រូពេទ្យ កាត់ដៃរបស់លោកចោលតែម្តង។

ថ្លែងប្រាប់សារព័ត៌មាន AFP លោក Bajandar បាននិយាយថា «ខ្ញុំពិតជាមិនអាចស៊ូទ្រាំជាមួយនឹងការឈឺចាប់មួយនេះតទៅទៀតបាននោះទេ។ ខ្ញុំមិនអាចសូម្បីតែគេងនៅពេលយប់។ ខ្ញុំបានស្នើសុំឲ្យក្រុមគ្រូពេទ្យកាត់ដៃរបស់ខ្ញុំចោលតែម្តងទៅ ដូច្នេះយ៉ាងហោចណាស់ខ្ញុំក៏នឹងអាចបានធូរស្បើយខ្លះដែរ» ។

ដោយឡែក ស្រ្តីជាម្តាយលោក Bajandar ឈ្មោះ Amina Bibi ក៏បាននិយាយដែរថា «យ៉ាងហោចណាស់ កូនប្រុសរបស់ខ្ញុំ គេនឹងលែងឈឺចាប់ ប្រសិនណាបើគ្រូពេទ្យជួយកាត់ដៃគេចោលនោះ។ វាជាស្ថានភាពដ៏អាក្រក់បំផុត» ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យក៏ពុំទាន់មានការឆ្លើយតបឲ្យបានលម្អិតជុំវិញនឹងការស្នើសុំរបស់លោក Bajandar នោះឡើយ។ ប៉ុន្តែជាក់ស្ដែង ខាងក្រុមគ្រូពេទ្យបានលើកឡើងថា ពួកគេនឹងព្យាយាមរកវិធីព្យាបាល ក៏ដូចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោក Bajandar ផងដែរ៕

Leave a Reply

Your email address will not be published.