ប្រទះឃើញត្រីនាគជាច្រើនក្បាល ងាប់លើឆ្នេរសមុទ្រ!!!

ត្រីយក្សប្រភេទ Oarfish ដែលគេជឿថា ជាអ្នកនាំសាររបស់សមុទ្រ ត្រូវបានគេប្រទះឃើញងាប់ ហើយរសាត់មកទើរលើឆ្នេរសមុទ្រប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ ដោយបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា ជាប្រផ្នូលនៃការកើតមានគ្រោះរញ្ជួយដីដ៏ធំជាថ្មីម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

អ្នកស្រុកជាច្រើន ព្រមទាំងអ្នកវិទ្យាសាស្រ្តមួយចំនួនផង ជឿជាក់ថា ត្រីនេះ គឺជាត្រីនាគ វាត្រូវបានរលកធំៗបោកបក់មកទើរលើឆ្នេរសមុទ្រខេត្ត Agusan del Norte ប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃមុនពេលមានគ្រោះរញ្ជួយដីវាយប្រហារលើកោះ Mindanao island កាលពីថ្ងៃទី១១ ខែកុម្ភៈ។

ប្រភពបន្តថា ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ត្រីនាគ ចំនួន៥ក្បាលទៀត ត្រូវបានគេរកឃើញងាប់ទើរលើឆ្នេរសមុទ្រ រួមជាមួយព័ត៌មាន មនុស្សចំនួន៨នាក់បានស្លាប់ និង២០០នាក់់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ខាងលើនោះ។ ត្រីនាគចុងក្រោយដែលគេរកឃើញ គឺកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឆ្នេរសមុទ្រក្នុងទីក្រុង Cagayan de Oro ដែលមានប្រវែង ៤,៥ម៉ែត្រ។ វាបានធ្វើឲ្យអ្នកស្រុកជាច្រើន មានការភ័យខ្លាចថាជាប្រផ្នូលមិនល្អ ហើយព័ត៌មានទាំងនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស។

តែទោះជាយ៉ាងណា លោក Marcial Labininay ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់ បានបដិសេធចំពោះការអះអាង ពីការងាប់ត្រីនាគទាំងនោះថា ជាសញ្ញានៃគ្រោះមហន្តរាយ និងបាននិយាយថា វាគ្រាន់តែជាការអះអាងពឹងផ្អែកលើអបិយជំនឿតែប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្រ្តបានថ្លែងថា ប្រភេទត្រីចម្លែករស់នៅក្នុងទឹកជ្រៅទាំងនេះ ប្រហែលជាត្រូវបានបោកបក់មកលើផ្ទៃទ្វីប ដោយសារចរន្តទឹកខ្លាំង។ ជាធម្មតានៅផ្ទៃទឹករាក់ រលកមានទំហំធំ និងខ្លាំង ហើយពួកវាអាចនឹងងាប់ដោយសារការប៉ះទង្គិចជាមួយចរន្តទឹកខ្លាំងទាំងអស់នោះ។

គួរបញ្ជាក់ថា ត្រីនាគប្រភេទ Oarfish នេះ ជាធម្មតាវាមានពណ៌ខៀវ ស្វាយ ឬក្រហម ប៉ុន្តែពណ៌ទាំងអស់នេះនឹងរលាយបាត់ទៅ យ៉ាងលឿននៅពេលដែលពួកវាងាប់។ ដោយសារតែវារស់នៅក្នុងសមុទ្រទឹកជ្រៅ ដូច្នេះមនុស្សមានការលំបាកជាខ្លាំងក្នុងការសិក្សាពីវាឲ្យបានច្រើន៕

Leave a Reply

Your email address will not be published.