ហាមដាច់ខាងមើលងាយខ្លួនឯង! ជឿលើខ្លួនឯងថាអាចទៅរួច បើមិនដូច្នោះទេ អ្នកប្រាកដជាគ្មានសល់អ្វីឡើយ
ធ្លាប់ឮគេនិយាយអត់ថា ជីវិតមនុស្សយើង មានឡើង មានចុះ។ពេលវាឡើងយើងនឹងមានក្ដីសុខក្នុងជីវិត គ្រប់យ៉ាងស្រស់បំព្រង ជុំវិញខ្លួនមានតែក្ដីស្រលាញ់ និយាយអ្វីជាមួយអ្នកណា ក៏គេស្ដាប់ គេជឿទុកចិត្ត។ ប៉ុន្តែបើក្រឡេកមើលជ្រុងម្ខាងទៀតនៃជីវិត នៅខណៈដែលយើងកំពុងជួបព្យុះភ្លៀងធ្ងន់ធ្ងរ ពាក្យសម្ដីរបស់យើងស្ទើរតែគ្មានន័យចំពោះនរណាម្នាក់ទាល់តែសោះ ធ្វើអ្វីក៏ខុស ជុំវិញខ្លួនយើងហាក់មានតែពណ៌ខ្មៅ។ ជីវិតយើងដុនដាបខ្លាំង រហូតមិនចង់តស៊ូបន្តសោះឡើយ។
សាកមើល អ្វីដែលស្ថិតក្នុងរូបនេះ បើយើងកំពុងធ្លាក់ក្នុងរណ្ដៅមួយ ហើយរកអ្នកណាជួយមិនបានសោះ តើគួរជ្រើសរើសដំណោះស្រាយមួយណារវាង “អង្គុយយំរង់ចាំសេចក្ដីស្លាប់” ឬ “ធ្វើអ្វីគ្រប់យ៉ាងដើម្បីរួចជីវិត បើទោះជាអ្វីដែលយើងធ្វើ មើលទៅអន់ ទាបជាងអ្នកដទៃ អាចជាវិធីដែលមិនងាយហុចផល អាចនឹងត្រូវខ្មាសអ្នកដទៃ…” ?
ប៉ុន្តែជឿទៅ បើយើងអាចឡើងពីរណ្ដៅនេះរួច យើងនឹងក្លាយជាមនុស្សអស្ចារ្យ ក្លាយជាមនុស្សពូកែ ដោយមិនចាំបាច់យកពាក្យសម្ដីអ្នកដទៃមកទុកក្នុងត្រចៀកឡើយ ព្រោះជោគជ័យរបស់យើងនឹងធ្វើឲ្យពាក្យមើលងាយទាំងនោះសាបរលាបដោយឯកឯង។ខ្ញុំធ្លាប់ឆ្លងកាត់បញ្ហាបាន ហើយគ្រប់គ្នាក៏អាចឆ្លងផុតដែរ!
ខ្ញុំជាមនុស្សម្នាក់ដែលផ្លូវជីវិតមហារដិបរដុប សម្រេចចិត្តធ្វើអី គឺត្រូវធ្វើដោយខ្លួនឯងរហូត ធ្វើ១០យ៉ាង ភ្លាត់ស្នៀតទាំង ១០យ៉ាង ជីវិតមិនមែនចាប់ផ្ដើមពីសូន្យទេ ប៉ុន្តែគឺដកសូន្យទៅទៀត។ តែយ៉ាងណាត្រូវតែតាំងសតិហើយស៊ូ ស្រវេស្រវាយ៉ាងម៉េចឲ្យខ្លួនឯងផុតពីរណ្ដៅបញ្ហាបាន។ អារម្មណ៍ដែលងើបផុតពីរណ្ដៅមួយ គឺជាអារម្មណ៍អស្ចារ្យ និងរីករាយបំផុត ហើយវានឹងជាកម្លាំងជំរុញចិត្តឲ្យយើងតស៊ូជម្នះបន្តទៀត។
អ្នកទាំងអស់គ្នាសំណាងខ្លាំងណាស់ដែលបានប្រឡូករសជាតិជីវិតបែបនេះ។ អ្នកនឹងទទួលបានអ្វីជាច្រើនពីមេរៀននេះ អ្នកនឹងបានដឹងធាតុពិតរបស់មនុស្សនៅជុំវិញខ្លួន… ដែលអាចនិយាយបានថាវាជាផ្លូវដែលចម្រាញ់ឲ្យអ្នកទទួលបានមិត្តដែលល្អបំផុតទោះបីមានលុយប៉ុណ្ណាក៏មិនអាចទិញបាន ៕