បុរសចំណាស់បំផុតក្នុងលោក ទើបតែជាប់កំណត់ត្រាពិភពលោក បង្ហាញអាថ៌កំបាំង និងទម្លាប់ប្រចាំថ្ងៃ (មានវីដេអូ)

ជប៉ុន៖ លោកតា Masazo Nonaka អាយុ ១១២ឆ្នាំ ទើបតែបានទទួលវិញ្ញាបនប័ត្របញ្ជាក់ពី Guinness World Records ថាជាបុរសដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោក កាលពីថ្ងៃទី ១០ មេសា កន្លងទៅនេះ។

លោកតាដែលមានឆ្នាំកំណើតតាំងពីឆ្នាំ ១៩០៥ មកនេះ បានរៀបការជាមួយប្រពន្ធរបស់លោក គឺអ្នកស្រី Hatsuno នៅក្នុងឆ្នាំ ១៩៣១ ហើយគាត់ទាំងពីរក៏បានបង្កើតកូនប្រុសស្រីចំនួន ៥នាក់ផងដែរ។

នៅក្នុងកម្មវិធីដ៏រីករាយនោះ គ្រួសាររបស់លោកតាបានបង្ហាញអាថ៌កំបាំងពិសេសដែលធ្វើឲ្យលោកតាមានអាយុវែងបែបនេះ។ ចៅស្រីរបស់លោកតាឈ្មោះ Yuko Nonaka បាននិយាយថា៖

«គាត់ចូលចិត្តរបស់ផ្អែម និងងូតទឹកក្តៅ។ គាត់ចូលចិត្តញ៉ាំបង្អែមគ្រប់ប្រភេទ មិនថាបែបអ៊ឺរ៉ុប ឬបែបជប៉ុនឡើយ។ ជារៀងរាល់ថ្ងៃគាត់តែងតែអានកាសែត និងត្រាំទឹកក្តៅ។»

គួរបញ្ជាក់ថា ជប៉ុន ត្រូវបានគេចាត់ទុកថាជាជាតិសាសន៍ដែលមានប្រជាជនអាយុវែងជាងគេ ដែលជាមធ្យម ស្ត្រីមានអាយុដល់ ៨៦.៦ ឆ្នាំ និងបុរសមានអាយុដល់ ៧៩.៦ឆ្នាំ ហើយសូម្បីតែកំណត់ត្រាអ្នកអាយុវែងជាងគេមុនៗ ក៏មានប្រជាជនជប៉ុនមួយចំនួនជាម្ចាស់ផងដែរ ដូចជា លោកតា Jiroemon Kimura ដែលបានស្លាប់កាលពីឆ្នាំ ២០១៣ ក្នុងវ័យ ១១៦ឆ្នាំជាដើម៕

សូមទស្សនាវីដេអូក្នុងកម្មវិធីផ្តល់វិញ្ញាបនប័ត្របញ្ជាក់ទៅលោកតា Masazo Nonaka នៅខាងក្រោមនេះ៖

Leave a Reply

Your email address will not be published.