ស្ត្រីវ័យ ៨៨ ឆ្នាំ ចំណាយពេល ៣០ឆ្នាំ ទំរាំទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតនៅជប៉ុន!!!

ជប៉ុន៖ លោកយាយ Kiyoko Ozeki ដែលរស់នៅក្នុងទីក្រុង Nagoya បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Ritsumeikan សម្រាប់ការសិក្សាស្រាវជ្រាវរបស់គាត់អស់អស់ពេលជាង ៣០ឆ្នាំកន្លងមកនេះ អំពីសម្លៀកបំពាក់បុរាណរបស់ជប៉ុន។ស្ត្រីចំណាស់វ័យ ៨៨ឆ្នាំរូបនេះ បានចំណាយពេលប្រមាណជាង ៣០ឆ្នាំដើម្បីសរសេរអំពីសម្លៀកបំពាក់បុរាណម៉្យាងហៅថា «angin» ដែលសម្លៀកបំពាក់ប្រភេទនេះ មានអាយុកាលតាំងពីសម័យ Jomon របស់ជប៉ុន (ស្ថិតក្នុងឆ្នាំ ១៤ ០០០ ដល់ ឆ្នាំ ៣០០ មុនគ្រិស្តសករាជ)។

បើតាមការឲ្យដឹងពីសាកលវិទ្យាល័យ Ritsumeikan លោកយាយ Ozeki គឺជាបុគ្គលដែលមានវ័យចំណាស់បំផុត ដែលទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតលើផ្នែកអក្សរសាស្ត្រ (ស្រាវជ្រាវអំពីសម្លៀកបំពាក់បុរាណ) នៅប្រទេសជប៉ុន។គួររម្លឹកថាលោកយាយ Ozeki បានបញ្ចប់ការសិក្សានៅសាលារៀនមួយកន្លែងសម្រាប់នារី។ នៅអាយុប្រហែល ៣០ឆ្នាំ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមី លោកយាយបានចាប់ផ្តើមបើកសិប្បកម្មផលិតតុក្កតា​ដោយខ្លួនឯង ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ។

ដោយបានឃើញនូវជំនាញរបស់គាត់ក្នុងការផលិតកុក្កតាដូចនេះ សាលារៀន Tokai Gakuen Women’s Junior College បានហៅលោកយាយ ឲ្យធ្វើជាគ្រូបង្រៀនលើជំនាញសិប្បកម្មនៅក្នុងឆ្នាំ ១៩៦៤ រហូតដល់ឆ្នាំ ១៩៩៥។

អស់រយៈពេលប្រមាណជាង ៣០ឆ្នាំមកនេះ គាត់បានធ្វើដំណើរឆ្លងកាត់ទីកន្លែងជាច្រើន ក្នុងគោលបំណងសិក្សាស្រាវជ្រាវអំពីសម្លៀកបំពាក់បុរាណរបស់ជប៉ុន។ លុះដល់ថ្ងៃសៅរ៍ ទី២៤ ទីបំផុតលោកយាយ Kiyoko Ozeki ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Ritsumeikan។ គាត់បានឲ្យដឹងទាំងរំជួលចិត្តថា៖

«ខ្ញុំរំភើបខ្លាំងណាស់ ដែលទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ស្ថិតក្នុងវ័យ (៨៨ឆ្នាំ) នេះ។ នេះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត ក្នុងឆាកជីវិតរបស់ខ្ញុំ» ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.