សូមបងប្អូនជួយអភិរក្សផង!!! ដំរីអាស៊ីមួយហ្វូង ត្រូវគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃខេត្តមណ្ឌលគីរី…(មានវីដេអូ)
មណ្ឌលគីរី៖ ក្រុមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF បានប្រទះនឹងសត្វដំរីអាស៊ីមួយហ្វូងមានចំនួន៦ក្បាល ខណៈដែលពួកវាកំពុងតែស្វែងរកចំណីយ៉ាងសុខសាន្តនៅក្នុងទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី។
យោងតាមអង្គការ WWF បានឲ្យដឹងថា ដោយសារតែភាពវៃឆ្លាត និងមានញាណដឹងតាមរយៈក្លិនថាមានវត្តមានមនុស្ស បានធ្វើឲ្យសត្វដំរីព្រៃទាំងនោះ ផ្អើលហើយក៏ត្រលប់ក្រោយចូលទីជម្រកសុវត្ថិភាពវិញភ្លាមៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏បានតាមដានសត្វព្រៃ និងផ្តិតយកបាននូវវីដេអូខ្លីមួយផងដែរ ដោយមានការព្យាយាមនិងអត់ធ្មត់ខ្លាំង ព្រោះត្រូវសំងំលើដើមឈើក្នុងការថតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
គួរជម្រាបថា សត្វដំរីអាស៊ី ត្រូវបានគេចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ តួយ៉ាងនៅកម្ពុជា សត្វដំរីអាស៊ីកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុកនិងស្បែក រួមទាំងការបាត់បង់ទីជម្រកជាដើម៕
ប្រភព៖ PNN News | WWF-Cambodia
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖