អស់ស្ទះ! សត្វឆ្មាមួយក្បាលនេះ ស្លៀកពាក់យ៉ាងឡូយអស់ស្ទះ មកអង្គុយលក់ត្រី

វៀតណាម៖ រូបភាពជាច្រើនសន្លឹក របស់កូនឆ្មាដ៏គួរឲ្យស្រលាញ់មួយក្បាល ត្រូវបានម្ចាស់របស់វា តុបតែងស្លៀកពាក់ឲ្យយ៉ាងមួយអែម មកអង្គុយលក់ត្រីនៅចិញ្ចើមផ្លូវ ថ្មីៗនេះកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ជក់ចិត្តចាប់អារម្មណ៍ និងចង់បានវាជាខ្លាំង។កូនឆ្មា (ឈ្មោល) មួយក្បាលនេះ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យថា Chó ឬមានន័យជាភាសាវៀតណាមថា ឆ្កែ (Dog) មានអាយុ៣ឆ្នាំ ។

បើតាមការឲ្យដឹងពីម្ចាស់របស់វា ឈ្មោះថា លោក Lê Quốc Phong អាយុ២៥ឆ្នាំ រស់នៅក្នុងទីក្រុង Haiphong ភាគជើងប្រទេសវៀតណាម បានអះអាងប្រាប់ថា ចំពោះការដាក់ឈ្មោះឲ្យវាថា Chó មានន័យជាភាសាវៀតណាមថា ឆ្កែ នោះ ក៏ដោយសារតែ Chó ជាឆ្មាមួយក្បាលដែលចរិតលក្ខណៈ ខុសប្លែកពីសត្វឆ្មាដទៃ ពោលគឺវាដូចទៅនឹងសត្វឆ្កែ ច្រើនជាងសត្វឆ្មា។

ម្ចាស់របស់វាបន្តថា Chó ជាឆ្មាមួយក្បាលដែលមិនចេះខ្លាច មិនចេះអៀនអ្នកណាឡើយ ហើយវាថែមទាំងចូលចិត្ត ឲ្យគេតុបតែងខ្លួន ក៏ដូចជាស្លៀកពាក់ឲ្យវា និងជាពិសេស ចូលចិត្តឲ្យគេថតរូបឲ្យណាស់។ វាជាឆ្មាដែលចូលចិត្តស៊ីការ៉េម និងឈីស។

លោក Lê ថា នៅរាល់ពេលដែលលោកចេញទៅលក់ត្រី និងគ្រឿងសមុទ្រ (មឹក បង្គា) នៅផ្សារ លោកតែងតែនាំយក Chó ទៅជាមួយ ដោយបានតុបតែងខ្លួន នឹងស្លៀកពាក់ឲ្យវាយ៉ាងស្អាតបំផុត បែបឈុតបុរាណៗ មានគ្រប់ម៉ូតជាង ៣០ប្រភេទ (អាវយឺត អាវធំ អាវអធិរាជចិន អាវសម័យទំនើប…) ដើម្បីឲ្យវាអង្គុយលក់ ជួយទាក់ម៉ូយឲ្យចូលទិញ។

អ្នកដើរផ្សារជាច្រើន មានការចាប់អារម្មណ៍ និងស្រលាញ់យ៉ាងខ្លាំង ក្រោយបានឃើញ Chó តុបតែងខ្លួនឡើងស្អាត ខុសប្លែកពីសត្វដទៃ ហើយពួកគេក៏តែងតែមកថតផ្តិតយករូបភាពរបស់ Chó ជារឿយៗ បង្ហោះចែកចាយលើបណ្តាញសង្គម ជាហេតុធ្វើឲ្យកូនឆ្មា ដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ កាន់តែមានប្រជាប្រិយភាព មានគេស្គាល់វាច្រើន និងថែមទាំងក្លាយជាតារាល្បី លើអ៊ីនធើណែត រហូតមកទល់សព្វថ្ងៃនេះ។ ចំណែកឯការលក់ដូរវិញ ក៏កាន់តែប្រសើរឡើងទៀត។

លោក Lê បានបន្ថែមទៀតថា ក្រៅពីពេលទំនេរមិនលក់ដូរ កូនឆ្មា Chó តែងសម្រាក ឬដើរលេងជាធម្មតាដូចឆ្មាដទៃទៀតដែរ។ដោយឡែក ចំពោះមូលហេតុដែលលោក តែងតែទិញសម្លៀកបំពាក់ឲ្យឆ្មារបស់លោក ស្លៀកពាក់មានគ្រប់ម៉ូតនេះ ក៏ព្រោះតែលោកស្រលាញ់វា និងចង់តែងលម្អឲ្យសត្វចិញ្ចឹមរបស់លោក មើលទៅមានភាពស្រស់ស្អាត ក្លិនល្អ និងមានអនាម័យ។ជាពិសេស លោកក៏ចង់ថតរូបរបស់វាទុកឲ្យបានច្រើន ស្អាតៗ និងមើលទៅកំប្លែងៗផងដែរ។ Chó ជាឆ្មាកំហូចណាស់ (ល្មោភកាម) បច្ចុប្បន្នវាមានមិត្តស្រីជាច្រើន ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.