នេះហើយជីវិតមហាសេដ្ឋី ហួង ហឺហារ!! ស្រីចោមរោមពេលមានលុយ តែពេលធ្លាក់ខ្លួនក្រ គ្មានសូម្បីអ្នកចូលរួមបុណ្យសព…
លោក ហួង បានទៅសិក្សានិងទទួលបានបញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យញូវយ៉កក្នុងសហរដ្ឋអាមេរិក។ បន្ទាប់មកលោកត្រូវបានអញ្ជើញឲ្យចូលបម្រើការងារនៅអង្គការណាហ្សា (NASA)។ នៅពេលមានអាយុ២៨ឆ្នាំ លោកត្រូវបានតែងតាំងជានាយករងនៃនាយកដ្ឋានវប្បធម៌នៃទីក្រុងបូស្តុន។
នៅឆ្នាំ១៩៧១ លោកបានវិលត្រឡប់មកតៃវ៉ាន់វិញហើយបើកសាជីវកម្មវិនិយោគមួយ។ នៅឆ្នាំ១៩៩៥ លោកបានហក់ចូលទីផ្សារភាគហ៊ុន ទទួលជោគជ័យយ៉ាងខ្លាំង រួចក្លាយជាមហាសេដ្ឋីចិនម្នាក់ដែលមានទ្រព្យមហាសាលនៅក្នុងទស្សនាវដ្ដី Forbes។ លោកមានភាពល្បីល្បាញដោយទេពកោសល្យ ទ្រព្យសម្បត្តិមហាសាល ចិត្តសប្បុរស និងប្រវត្តិអាស្រូវជាច្រើន។
លោកមានស្រីកំណាន់ចិត្តច្រើន ហើយសុទ្ធសឹងតែជាតារាល្បីល្បាញលើវិស័យសិល្បៈ។ លោករស់នៅក្នុងជីវភាពអភិជនយ៉ាងសប្បាយរីករាយ ហ៊ឺហាជាមួយដៃគូស្នេហ៍ដ៏ស្រស់ស្អាត ហើយចាយលុយដូចក្រដាស។ នៅក្នុងវិមាន ស្រីស្អាត១០នាក់ រង់ចាំដាក់វេនគ្នាបម្រើការសប្បាយដល់លោក។ មនុស្សជាច្រើនបានទិតៀនដល់ការខ្ជះខ្ជាយរបស់លោក តែលោកមិនខ្ចីខ្វល់សោះឡើយ។
លោកនិយាយថា៖ “គ្មានស្រីស្អាតនៅក្បែរ ខ្ញុំស៊ីបាយមិនចូលឡើយ! ខ្ញុំគឺជាបុរសខ្វះស្រីមិនបាន ហើយខ្ញុំហ៊ានយកស្រីដោយចេញមុខ មិនខ្លាចដូចបុរសលាក់មុខខ្មូរមួយចំនួននោះទេ!”។ ពេលដែលអាជីពរបស់លោកឡើងដល់កំកំពូល ស្រាប់តែលោកប្រកាសចូលនិវត្តន៍ ព្រោះលោកគិតថា ទ្រព្យសម្បត្តិរបស់លោកគ្រប់គ្រាន់ឲ្យលោកសោយសុខជាមួយស្រីស្អាតៗអស់មួយជីវិតហើយ!
ប៉ុន្តែលោកអ្នកអានដឹងទេថា ជីវិតរបស់យើងដូចជាសុបិន… អ្វីៗសុទ្ធតែមិនទៀង! តៃវ៉ាន់បានជួបវិបត្តិសេដ្ឋកិច្ច ហើយផ្សារភាគហ៊ុនរបស់លោកបានធ្លាក់ដាំដូងចុះយ៉ាងគំហុក។ លោក ហួង ត្រូវលក់អចលនវត្ថុនិងទ្រព្យសម្បត្តិចោលដើម្បីសងបំណុល។ ម្ចាស់បំណុលខ្លះបានប្ដឹងលោកទៅតុលាការ ហើយលោកត្រូវបានតុលាការហាមមិនឲ្យចេញទៅបរទេស ព្រមទាំងត្រូវបានជាប់ពន្ធនាគារពីបទគេចវេសពន្ធដារ។
បញ្ហាមិនទាន់ចប់ត្រឹមនេះទេ គឺនៅឆ្នាំ២០០៣ លោកត្រូវបានរកឃើញថា មានជំងឺទឹកនោមផ្អែម ខ្សោយក្រលៀន បេះដូង និងថ្លើមយ៉ាងរ៉ាំរ៉ៃ។ ដើម្បីបង់ថ្លៃព្យាបាលជំងឺ លោកបានដាក់ដេញថ្លៃនាឡិកាដ៏ល្បីល្បាញនិងថ្លៃចំនួនពីរ ក៏ប៉ុន្តែជាអកុសល មួយឆ្នាំក្រោយមក លោកបានលាចាកលោកនេះយ៉ាងវេទនា។
លោកអ្នកដឹងទេថា ពេលដែលលោកហួងស្លាប់ មានតែកូនប្រុសទោល ប្អូនស្រី និងកូនស្រីចញ្ចឹមលោកទេ ដែលមកបុណ្យសព ហើយលោកបន្សល់នូវបំណុលដ៏ច្រើនដល់កូនប្រុសទោលរបស់លោក។ បុណ្យសពរបស់លោកធ្វើឡើងយ៉ាងអត្តខាត់ ខ្វះមុខខ្វះក្រោយមិនស័ក្ដិសមទៅនឹងអតីតកាលរបស់លោកឡើយ។ ស្រីស្នេហ៍រាប់រយនាក់របស់លោកមិនបានមកចូលរួមឡើយ ព្រោះនាងៗខ្លាចឆុង។
លោកអ្នកឃើញទេថាតើ ពាក្យដែលគេនិយាយថា៖ “ មនុស្សមិនមែនក្រមកពីចាយទេ គឺក្រមកពីរកមិនបាន!” ត្រឹមត្រូវដែរឬទេ? កុំព្យាយាមធ្វើឱ្យគោរពអ្នក ព្រោះតែមានលុយ ប៉ុន្តែចូរធ្វើជាមនុស្សល្អ ឱ្យគេគោរព ទើបវាស្ថិតជាប់ជាមួយអ្នកយូរអង្វែង។ ពេលអ្នកស្លាប់បាត់ មិនអាចនាំយកលុយទៅជាមួយឡើយ ប៉ុន្តែអំពើល្អដែលអ្នកធ្វើ នឹងដិតដាមជាប់ក្នុងការចងចាំរបស់គ្រប់គ្នា៕ (ដោយ ទុត បូ)