គាំទ្រ100%!!! គ្រាប់ត្នោតចំនួន ១០មុឺន គ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកទៅដាំតាមសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ

គ្រាប់ត្នោតចំនួន ១០មុឺន គ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកទៅដាំតាមសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេក រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ៖

“ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់យកគ្រាប់ត្នោតចំនួន១០០,០០០គ្រាប់ ដាំតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ (ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤៦ ទៅបង្គោលព្រំដែនលេខ០៧៨ និងបន្តមកកាន់ទីរួមស្រុកសៀមប៉ាង)។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញា សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុង ស្រុក និងមន្រ្តីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខាកាកបាទក្រហម និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ការដាំគ្រាប់ត្នោតនេះជាសកម្មភាពដឹកនាំផ្ទាល់លើកទី៣។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕

Leave a Reply

Your email address will not be published.