អាណិតណាស់!! ក្មេងស្រីវ័យ ១០ឆ្នាំម្នាក់ កំពុងវិវឌ្ឍខ្លួន ក្លាយជាមនុស្សដើមឈើ

បង់ក្លាដែស៖ រឿងហេតុដ៏កម្រមួយ បានកើតឡើងទៅលើក្មេងស្រីម្នាក់ ដែលនាងកំពុងវិវឌ្ឍខ្លួនក្លាយជាមនុស្សដើមឈើ។ក្មេងស្រីអភ័ព្វឈ្មោះ Shahana បានកើតជំងឺចម្លែកម្យ៉ាងដែលគេហៅថា Epidermodysplasia Verruciformis ឬជំងឺមនុស្សដើមឈើ។

តាមពិតទៅ នាងមានរោគសញ្ញានេះ តាំងពីនាងមានអាយុ៦ខែមកម្ល៉េះ។ ដំបូងឡើយ វាចាប់ផ្តើមដុះនៅលើរាងកាយ តែពេលនេះវាបានរាលដាលមកដល់ ច្រមុះ ចង្ការ ថ្ពាល់ និង ត្រចៀកទៅហើយ។

គ្រួសាររបស់នាងរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយ នៅភាគខាងជើងនៃប្រទេសបង់ក្លាដេស ប៉ុន្តែឥឡូវនេះ ពួកគេបានបញ្ជូននាងមកទទួលការព្យាបាលនៅឯមន្ទីរពេទ្យ Dhaka Medical College ហើយ។

នាង Shahana បានប្រាប់ទៅកាន់សារព័ត៌មាន The Daily Observer ថា “ខ្ញុំមានអារម្មណ៍ថារមាស់នៅលើមុខ និងជង្គង់នៅពេលព្រឹក និងពេលយប់”។

តាមរយៈសេចក្តីរាយការណ៍មួយបានឲ្យដឹងថា បើទោះជាក្មេងស្រីនេះ មានរូបរាងមិនប្រក្រតីក្តី ក៏មិត្តរួមថ្នាក់របស់នាងមិនដែលមើលងាយ ឬ ត្មិះដៀលនាងដែរ។ ផ្ទុយទៅវិញ ពួកគេពិតជារីករាយនឹងវត្តមានរបស់នាងណាស់។

គួរឲ្យដឹងដែរថា ជំងឺ Epidermodysplasia Verruciformis គឺជាជំងឺស្បែកដ៏កម្រម្យ៉ាង ដែលបង្កើតឲ្យមានដុំដំបៅដូចឫសឈើ នៅគ្រប់ទីកន្លែងទាំងអស់លើរាងកាយរបស់មនុស្ស។

ជំងឺនេះបង្កឡើងដោយការឆ្លងមេរោគ HPV នៅខណៈពេលដែលឪពុកម្តាយកំពុងបន្តពូជ។ បន្ទាប់មកវាក៏ឆ្លងទៅដល់ទារក ជាហេតុធ្វើឲ្យស្បែកទារកដុះដុំដំបៅដូចឫសឈើ ឬឡើងក្រហមជាដើម។

ទោះជាយ៉ាងណា មិនទាន់មានក្រុមវេជ្ជបណ្ឌិតណា អាចរកឃើញវិធីសាស្ត្រដ៏ជាក់លាក់មួយដើម្បីព្យាបាលជំងឺនេះនៅឡើយទេ ប៉ុន្តែមានវិធីសាស្ត្រព្យាបាលមួយចំនួនត្រូវបានណែនាំសម្រាប់អ្នកកើតជំងឺនេះផងដែរ។

តួយ៉ាងដូចជាបុរសជនជាតិបង់ក្លាដេសមួយរូបទៀត ឈ្មោះ Abul Bajandar ដែលបានផ្ទុកជំងឺដូចគ្នានឹងក្មេងស្រីនេះដែរ បានទទួលការវះកាត់ ១៦ដង ដើម្បីយកដុំរើសឈើដែលមានទម្ងន់ជិត៥គីឡូក្រាមនោះចេញពីដៃ និងជើងរបស់គាត់កាលពីឆ្នាំមុននេះ។

គ្រូពេទ្យជឿជាក់ថា បុរសម្នាក់នេះ ជាមនុស្សដំបូងបំផុតដែលអាចជាសះស្បើយពីជំងឺនោះ ដោយឫសឈើទាំងនោះនឹងមិនដុះមកវិញទេ៕

ប្រភព : ដេលីម៊ែល

Leave a Reply

Your email address will not be published.