ទោះពិការពិត តែចិត្តនៅតែតស៊ូ!! ប្រើមាត់ដេរប៉ាក់ បានយ៉ាងល្អ គួរឲ្យកោតសរសើរ

ចិន៖ បច្ចុប្បន្នគេសង្កេតឃើញថា ភាគច្រើនប្រជាជននៅក្នុងតំបន់អាស៊ីយើង មិនថាក្មេងចាស់ប្រុសស្រី តែងតែពេញនិយមដេរប៉ាក់ តាមជម្រើសរូបភាពផ្សេងៗជាច្រើន ដែលខ្លួនស្រលាញ់ចូលចិត្ត ក្រោយពីសម្រាកពីការងារ ឬការសិក្សាជាដើម។ទោះបីជាយ៉ាងណាក៏ដោយ ការដេរប៉ាក់នេះ វាមិនមែនជារឿងងាយស្រួលឡើយ ដើម្បីសម្រេចចេញជារូបរាងពេញលេងលេញ បានមួយផ្ទាំងៗនោះ ដោយចំណាយពេលដល់ទៅរាប់ខែឯណោះ ហើយថែមទាំងទាមទារ ឲ្យមានការតស៊ូ អត់ធ្មត់ក្នុងការងារថែមទៀតផង។

ផ្ទុយទៅវិញ បើក្រឡេកទៅមើល នារីវ័យក្មេងជនជាតិឯណោះវិញ នាងបានទទួលរងជំងឺម្យ៉ាងដែលប៉ះពាល់ដល់ខួរក្បាល (cerebral palsy) រហូតកម្រើកដៃជើងមិនបាន តែនៅតែស៊ូទ្រាំយ៉ាងលំបាកលំបិន ដើម្បីសម្រេចនូវក្តីស្រមៃ នូវអ្វីដែលខ្លួនឯងពេញចិត្ត តាមរយៈការដេរប៉ាក់នេះ ដោយប្រើប្រាស់តែមាត់របស់នាងតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការស្ញប់ស្ញែង ការកោតសរសើរពីទឹកចិត្តតស៊ូ និងឆន្ទៈដែលនាងមានផងដែរ។

នាង Ren Jiangmin អាយុ២៣ឆ្នាំ ជាអ្នកស្រុករស់នៅតំបន់ទីជនបទមួយកន្លែង ស្ថិតនៅភាគខាងជើងខេត្ត Hebei ប្រទេសចិន។ ស្ថានភាពរបស់នាងពិតជាមិនអាចប្រើបា្រស់ដៃ និងជើងទាំងពីររបស់នាងបាននោះឡើយ ដោយសារជំងឺ cerebral palsy ។

ទោះបីជាយ៉ាណាក្តី ដោយសារតែការស្រលាញ់ ក្នុងវិស័យដេរប៉ាក់នេះ នាងតែងតែខិតខំព្យាយាម តស៊ូជំនះតែម្នាក់ឯង ទាំងការដោតសរសៃអំបោះ ចូលក្នុងគូទម្ជុល និងប៉ាក់ទៅលើក្រណាត់សំពត់ គឺសុទ្ធសឹងតែពឹងផ្អែក ក្នុងការប្រើប្រាស់បបូរមាត់របស់នាង ក្នុងការងារនេះទាំងអស់ ដោយចំណាយរយៈពេលរាប់ខែ រហូតសម្រេច និងទទួលបានលទ្ធផលផ្លែផ្កា តាមរយៈការខិតខំប្រឹងប្រែងរបស់នាង ។

ការសម្រេចថ្វីមាត់របស់នាង ក្នុងការដេរប៉ាក់មានជាច្រើនទម្រង់រូបភាពរួមមាន រូបផ្ការីក ផ្កាអ័រគីដេ (Orchids) ផ្កាបញ្ចះមាស ឬផ្កាច្រើនស្រទាប់ (Chrysanthemum) រូបដើមឬស្សី រូបសត្វឆ្កែ និងរូបភាពតុក្កតាជាដើម។ Ren និយាយថា «ខ្ញុំពិតជាស្រលាញ់ការងារ ដេរប៉ាក់នេះណាស់ ហើយខ្ញុំក៏មិនដែល ធុញទ្រាន់ជាមួយវាឡើយ»។

ក្តីសង្ឃឹមដ៏មោះមុតរបស់ Ren គឺបំណងប្រាថ្នាលក់ផ្ទាំងប៉ាក់របស់នាង តាមរយៈអនឡាញ ដើម្បីអាចមានលទ្ធភាពទិញកុំព្យូទ័រ សម្រាប់ខ្លួនឯងផងដែរ។គួរឲ្យដឹងដែរថា Ren ដេរប៉ាក់នេះ បានរូបភាពចំនួន៨ផ្ទាំង ដោយប្រើរយៈពេលអស់រហូតដល់ទៅ៣ឆ្នាំ ដោយគ្រាន់តែប្រើបាស់មាត់ របស់នាងក្នុងការងារនេះតែប៉ុណ្ណោះ។

ដោយសាតែការខិតខំតស៊ូរបស់នាង យ៉ាងដូច្នោះហើយ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតជាច្រើនមានភាពភ្ញាក់ផ្អើល និងកោតសរសើរ។ ស្របពេលជាមួយគ្នានោះ ក៏មានការងឿងឆ្ងល់ផងដែរនូវអ្វីដែលសម្រេចបាន ជាលទ្ធផលរបស់នាង ដោយសារវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការប្រើប្រាស់មាត់ដើម្បីធ្វើវាឡើង ខណៈអ្នកខ្លះមានកាយសម្បទានគ្រប់គ្រាន់ នៅតែរុញរា ត្អូញត្អែរថាលំបាកផងនោះ៕តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព : CCTV

Leave a Reply

Your email address will not be published.