មានអារម្មណ៍ហើមភ្នែក តើមានដឹងថាមកពីហេតុអីដែរទេ?
(សុខភាព)៖ អ្នកប្រហែលជាធ្លាប់ដឹងហើយថា ការគេងយប់ឡើងមិនបានគ្រប់ សុទ្ធតែអាចបណ្តាលឲ្យភ្នែកទៅជាហើមនៅព្រឹកឡើងបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា ក្រៅពីគេងមិនគ្រប់ ក៏មានកត្តាច្រើនទៀតដែលនាំឲ្យភ្នែកហើមបានដែរ។
អាឡែហ្ស៊ី៖ ការហើមភ្នែកក៏អាចជាអាការៈមួយដ៏ញឹកញាប់នៃអាការៈអាឡែហ្ស៊ី។ រឿងផ្សេងៗដូចជា ការគេងនៅលើខ្នើងដែលមានធូលីច្រើន ភួយចាស់ៗ និងដុះផ្សិត សុទ្ធតែជារបស់ដែលអាចបណ្តាលឲ្យមានប្រតិកម្មអាឡែហ្ស៊ី និងបង្កជាការហើមភ្នែកបានទាំងអស់។
ក្តៅ៖ ការអង្គុយនៅក្នុងបន្ទប់ដែលមានអាកាសធាតុក្តៅៗអាចធ្វើឲ្យភ្នែកស្ងួត និងងាយនឹងរលាកជាងធម្មតាណាស់។ នេះដោយសារតែកម្តៅអាចធ្វើឲ្យភ្នាសមានទឹករំអិលស្ងួត ជាពិសេសនៅជុំវិញភ្នែក ដែលជាហេតុនាំឲ្យភ្នែកទៅជារលាក និងហើមបាន។
ការមករដូវ៖ អ្នកអាចបន្ទោសការហើមភ្នែកនេះដោយសារតែការមករដូវបាន។ ធម្មតាភ្នែករបស់យើងនឹងទាញជាតិទឹកច្រើនក្នុងពេមករដូវប្រចាំខែ ហើយក៏ក្លាយទៅជាហើមតែម្តងទៅ។ វាមិនខុសគ្នានឹងការហើមពោះក្នុងពេលមករដូវទេ។
គ្រឿងស្រវឹង៖ គ្រឿងស្រវឹងមិនគ្រាន់តែអាចបង្កឲ្យរាងកាយខ្សោះជាតិទឹកទេ តែក៏បណ្តាលឲ្យភ្នែកស្ងួត និងហើមបានដែរ។ មនុស្សភាគច្រើនមាននិន្នាការញ៉ាំអាហារមានជាតិប្រៃច្រើនជាមួយគ្រឿងស្រវឹង ដូច្នេះវាអាចនឹងទាញទឹកចូលទៅក្នុងតំបន់ភ្នែកបានដែរ។
កង្វះអ័រម៉ូនទីរ៉ូអ៊ីត៖ ការហើមភ្នែកអាចជាផលរំខានមួយនៃជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតដែរ។ បើសិនជាអ្នកមានជំងឺនេះមែន អ្នកពិតជាអាចមើលឃើញភាពក្រាសនៃខ្លាញ់នៅជុំវិញភ្នែកដែលជាហេតុនាំឲ្យហើមភ្នែក។
ការយំ៖ រឿងនេះនរណាក៏ដឹងដែរ ដែលថាការយំបណ្តាលឲ្យហើមភ្នែកបាន។ វាគឺជាការផលិតនៃក្រពេញទឹកភ្នែគក្នុងភ្នែក ហើយកាលណាការផលិតរបស់វាច្រើនជ្រុល វាអាចបណ្តាលឲ្យជាលិកាជុំវិញភ្នែកទៅជាប៉ោងបាន៕