ជួយចែករំលែកបន្តផង!!! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកម្ដាយឱ្យប្រយ័ត្នការប្ដូរម៉ាក​ទឹកដោះគោ​កូនញឹកពេក!

​អ្នកម្ដាយ​ភាគច្រើន​សុទ្ធតែ​បាន​ជ្រាប​ហើយពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ដោះ​ទឹក​។​ ​នៅ​ក្នុង​ទឹកដោះ​ម្ដាយមាន​​សារជាតិ​ចិញ្ចឹម​យ៉ាង​មាន​សារៈសំខាន់​បំផុត​សម្រាប់​កូន​ ​ជាពិសេស​មាន​សារធាតុ​ជួយការ​ពារ​កូន​ពី​ជំងឺឆ្លង​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

​ជាទូទៅ​ ​អង្គការសុខភាព​ពិភពលោក​បាន​ណែនាំ​ឱ្យ​បំបៅ​ដោះ​កូន​សុទ្ធ​រយៈពេល​៦​ខែ​ ​បន្ទាប់មក​ត្រូវ​ផ្តល់​ចំណីអាហារ​ប្លែកៗ​ ​គ្រប់មុខ​បន្តិចម្តងៗ​ ​ដោយ​បន្ត​បំបៅ​ដោះ​បន្ថែម​ទៀត​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​នៅ​ក្នុង​ករណី​ពិសេស​ខ្លះ​ ​អ្នកម្ដាយ​ចាំបាច់​ប្រើ​ម្សៅ​ទឹកដោះគោ​ជំនួយ​ដែរ​។​ ​ឧទាហរណ៍​ ​នៅ​ពេល​អ្នកម្តាយ​ឈឺធ្ងន់​មិន​អាច​បំបៅ​ដោះ​កូន​បាន​ ​អ្នកម្តាយ​មិន​អាច​ចិញ្ចឹម​កូន​តូច​ដោយខ្លួនឯង​បានជា​ដើម​។​

​ជុំវិញ​ការ​បំបៅ​ដោះ​កូន​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​អ្នក​មានលទ្ធភាព​នា​ពេល​បច្ចុប្បន្ន​ពុំបាន​បំបៅ​ដោះ​កូន​តែមួយមុខ​នោះ​ទេ​ ​ភាគច្រើន​ពួកគេ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ផង​ ​និង​ម្សៅ​ទឹកដោះគោ​ផង​។​ ​

ការ​ធ្វើ​បែប​នេះ​មិន​មាន​អ្វី​ខុសឆ្គង​នោះ​ទេ​ ​ពោល​មានតែ​ជួយ​បំប៉ន​កូន​ឱ្យរឹ​ត​តែ​មាន​សុខភាព​រឹង​មាំ​ទៅវិញទេ​។​ ​ពេលខ្លះ​កូន​បៅ​ទឹកដោះ​ម្ដាយ​តែមួយមុខគត់​​មិន​គ្រប់គ្រាន់​ឡើយ​ ​ជាពិសេស​អ្នកម្ដាយ​ដែល​ឆ្លងទន្លេ​ ​ឬ​សម្រាល​កូន​ដោយ​ការវះកាត់​។​

​លោក​វេជ្ជបណ្ឌិត​ ​បញ្ជាក់​ថា​ ​ការ​សម្រាល​កូន​ដោយ​ការវះកាត់​ ​ភាគច្រើន​មិន​អាច​បំបៅ​ដោះ​កូន​បាន​គ្រប់ជ្រុងជ្រោយ​ឡើយ​ ​ទាល់តែ​បន្ថែម​ម្សៅ​ទឹកដោះគោ​ជំនួយ​ពីលើ​ថែមទៀត​ទើប​គ្រប់គ្រាន់​។​ ​ចំណែក​អ្នកម្ដាយ​ដែល​មាន​ភាព​មមាញឹក​គួរ​ច្របាច់​ទឹកដោះ​ទុក​ឱ្យ​កូន​បៅ​ខ្លះ​ ​និង​ឱ្យ​បៅ​ម្សៅ​ទឹកដោះគោ​ខ្លះ​ ​ដើម្បី​កូន​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​សារពាង្គ​កាយ​បាន​ពេញលក្ខណៈ​។​

​និយាយ​មកដល់​ការ​បំបៅកូន​ដោយ​ទឹកដោះគោ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​ថា​ ​នៅ​ពេលខ្លះ​បន្ទាប់ពី​អ្នកម្ដាយ​ប្ដូរ​ប្រភេទ​ម្សៅ​ទឹកដោះគោ​ម្ដងៗ​ ​កូន​អ្នកម្ដាយ​​បែរ​មាន​អា​កា​រៈ​ក្អួត​ ​រាករូស​ ​ឬ​ក្ដៀន​ជាដើម​។​ ​តាមពិត​ការ​ប្ដូរ​ប្រ​ភ​ទ​ម្សៅ​ទឹកដោះគោ​ ​ជា​រឿង​ធម្មតា​មិនមាន​អ្វី​​ប៉ះពាល់​​នោះ​ទេ​។​

​ជាទូទៅ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ដូចគ្នាឡើយ​​ ​គឺ​ពុំ​មាន​អ្វី​ជា​បញ្ហា​ឡើយ​​ ​ព្រោះ​វា​មាន​សារធាតុ​តែមួយ​ដូចគ្នា​ ​គ្រាន់តែ​ម្សៅ​ទឹកដោះគោ​ខ្លះ​មានការ​លាយ​សារធាតុ​ ​Folic Acid​ ​និង​ជាតិ​ដែក​មាន​ភាព​ខុសគ្នា​ ​ជាពិសេស​ការ​លាយ​ជាតិ​ដែក​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​​ ​ជួន​តិច​ ​ជួន​ច្រើន​។​ ​មានន័យ​ថា​ ​ជាទូទៅ​ម្សៅ​ទឹកដោះគោ​មិន​ខុសគ្នា​ ​អ្វី​ដែល​ខុសគ្នា​នោះ​ ​គឺជា​តិ​ដែក​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ​មាន​តិ​ច​​ឬ​ច្រើន​។​

​ដោយសារតែ​ជាតិ​ដែក​តិច​ឬ​ច្រើន​នេះ​ហើយដែល​ធ្វើ​ឱ្យ​ទារក​ក្ដៀន​ឬ​មិន​ក្ដៀន​នោះ​។​ ​ដូច្នេះ​ការ​ប្ដូរ​​ម្សៅ​ទឹកដោះគោពី​​មួយ​ទៅមួយ​​​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​អ្វី​ដែល​ជា​បញ្ហា​នោះ​កុំ​ឱ្យ​អ្នកម្ដាយ​ប្ដូរ​ពី​ទឹក​សណ្ដែក​ទៅ​ទឹកដោះគោ​ ​និង​ពី​ទឹកដោះគោ​មក​ទឹក​សណ្ដែក​។​ ​ចំណែក​អនាម័យ​កំប៉ុង​បៅ​មិនបាន​ស្អាត​ល្អ​ ​និង​ការ​ឆុង​ទឹកដោះគោ​មិន​ត្រឹមត្រូវតាម​ការណែនាំ​ ​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែល​អ្នកម្ដាយ​គ្រប់រូប​ត្រូវ​គិតគូរ​ផង​ដែរ​។​

​ជាមួយនឹង​គ្នា​នេះ​ ​លោក​វេ​ជ​បណ្ឌិត​ ​បាន​ណែនាំ​ថា​ ​មុននឹង​ប្ដូរ​ទឹកដោះគោ​គួរ​ឱ្យ​កូន​របស់​អ្នក​បៅ​បន្ដិច​សាកមើល​សិន​ ​បើ​គ្មាន​អា​កា​រៈ​អ្វី​ប្លែក​ខុសប្រក្រតី​ទេ​ ​អាច​ឱ្យ​កូន​អ្នក​បៅ​បាន​ ​ប៉ុន្តែ​បើ​បន្ទាប់ពី​សាកល្បង​ហើយ​មាន​ប្រតិកម្ម​ដូចជា​ក្អួត​ចង្អោរ​ ​រាករូស​ ​បានសេចក្ដីថា​ ​ម្សៅ​ទឹកដោះគោ​នោះ​បៅ​មិន​ត្រូវ​ឡើយ​ ​គួរគប្បី​ប្រញាប់​បញ្ឈប់​ភ្លាម​កុំ​បង្ខំ​កូន​ឱ្យ​បៅ​បន្ដ​ ​ព្រោះ​អាចប​ង្ក​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ ​ជាពិសេស​នាំ​ទារក​បាក់​លែង​បៅ​។​

​ជាថ្មី​ម្ដងទៀត​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ឡើងវិញ​ថា​ ​ការ​ប្ដូរ​ម្សៅ​ទឹកដោះគោ​ពី​កំប៉ុង​មួយ​ទៅ​កំប៉ុង​មួយមិន​​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​បន្ទាប់ពី​កូន​បៅ​ហើយ​នៅតែ​មាន​អា​កា​រៈ​ក្អួត​គួរ​ប្ដូរ​ ​គឺ​ប្ដូរ​រហូត​ទាល់តែ​កូន​បៅ​ត្រូវ​វិញ​។​ ​ជាពិសេស​នោះ​ ​នៅ​ពេល​ប្ដូរ​ម្សៅ​ទឹកដោះគោ​ ​បើ​យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ទើប​ជា​ការ​ប្រសើរ​សម្រាប់​កូន​របស់​អ្នក​៕​

ប្រភព៖interconrooster

Leave a Reply

Your email address will not be published.