មិនគួរឲ្យជឿទេ! លោកយាយ វ័យ១០០ឆ្នាំ មានទេពកោសល្យគូរគំនូរស្អាតល្អយ៉ាងនេះ

ចិន៖ លោកយាយចំណាស់វ័យ១០០ឆ្នាំម្នាក់ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមនៅចិន មានការចាប់អារម្មណ៍ និងកោតសរសើរដល់ស្នាដៃរបស់លោកយាយជាខ្លាំង ដែលជាសិល្បៈគូររូបដ៏ស្រស់ស្អាត។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយមានឈ្មោះ Shen Yunying កើតនៅឆ្នាំ១៩១៥ ក្នុងទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន។

បច្ចុប្បន្នលោកយាយប្រមូលនូវរូបគំនូរជាច្រើនសន្លឹក ដែលលោកយាយបានហាត់រៀនគូរ ដោយខ្លួនឯងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មកបង្ហាញដល់សាធារណៈជន ធ្វើឲ្យប្រជាជនចិន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម មានការស្ញប់ស្ញែងស្នាដៃរបស់លោកយាយជាខ្លាំង។ប្រភពបន្តទៀតថា លោកយាយពុំដែលចូលសាលារៀនឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណា ស្ថិតក្នុងវ័យ៨០ឆ្នាំ គាត់ក៏មានចំណង់ចំណូលចិត្តរៀនសិល្បៈគូររូបនេះតែម្តង។

អ្វីដែលពិសេសនោះគឺថា រាល់រូបគំនូររបស់លោកយាយ គឺពិតជាស្រស់ស្អាតបំផុត មិនចាញ់វិចិត្រករវ័យក្មេងបច្ចុប្បន្នឡើយ។ លោកយាយ Shen មានប្រសាសន៍ឲ្យដឹងដែរថា នៅពេលដែលគាត់ចូលដល់វ័យ៨០ឆ្នាំមក ជារឿយៗនៅពេលរសៀល គាត់តែងតែមានអារម្មណ៍ថាងងុយគេងណាស់ ប៉ុន្តែប្រសិនជាគាត់គេងថ្ងៃ នោះគាត់ច្បាស់ជាគេងយប់មិនលក់មិនខាន។

ដូច្នេះហើយទើបគាត់សម្រេចចិត្តថា នឹងត្រូវធ្វើរឿងអ្វីមួយ ដែលនោះគឺជាការគូររូបគំនូរនេះឯង។ ចាប់តាំងពីពេលនោះមកគាត់ក៏ចាប់ផ្តើមដុះខាត់ខ្លួនឯង រហូតទទួលបានជោគជ័យ រួមជាមួយនឹងរូបគំនូរស្អាតៗ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល លាន់មាត់សរសើរគាត់គ្រប់ៗគ្នា៕

ប្រភព៖ Shanghiist

Leave a Reply

Your email address will not be published.