តិចច្រលំថាមនុស្សចាស់ទៅ!!! គាត់ជាក្មេងស្រីអាយុ ៣ឆ្នាំទេ
សហរដ្ឋអាមេរិក៖ ដោយសារតែការតុបតែមុខ បែបមនុស្សចាស់ជ្រីវជ្រួញ ដែលមើលទៅពិតជា ដូចខ្លាំងនោះ បានធ្វើឲ្យ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានក្លាយជាតារាល្បី ក្នុងបណ្តាញអ៊ិនធើណេត។
ក្មេងស្រីម្នាក់ឈ្មោះថា Monroe ហៅក្រៅថា Roey រស់នៅ ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក បានសុំឲ្យមីងរបស់នាង ឈ្មោះ Samantha Parsons អាយុ ១៨ឆ្នាំ ធ្វើការតុបតែងមុខឲ្យ បន្ទាប់ពីនាង បានឃើញមីងរបស់ខ្លួន កំពុងតែលាបម៉ាស្ការ៉ា (Mascar) នៅភ្នែក។
ពេលតុបតែងមុខរួចហើយ Samantha ក៏បានឲ្យក្មួយស្រី ទៅមើលកញ្ចក់ ដើម្បីឲ្យបានឃើញពីមុខ មាត់ថ្មីរបស់នាង។ តែផ្ទុយទៅវិញ នៅពេលឃើញហើយ Roey បែរជាចាប់ដៃមីងខ្លួនជាប់ ហើយក៏និយាយថា នាងពិតជាខ្លាចណាស់។
ឃើញដូចនេះ Samantha ក៏ប្រាប់ឲ្យក្មួយ ទៅលុបវាចេញទៅអញ្ចឹង តែដើរមិនទាន់ទៅដល់កន្លែងលុបមុខផង Roey ក៏សម្រេចចិត្តថា មិនលុបវាចេញនោះទេ ហើយនាងក៏ចង់ធ្វើឲ្យមនុស្សម្នា មានការភ្ញាក់ផ្អើល នៅពេលដែលឃើញមុខមាត់ ដ៏អាក្រក់ជ្រីវជ្រួញរបស់នាងបែបនេះដែរ។
លឺដូច្នេះ Samanthaក៏ចាប់ផ្តើមថត និងបង្ហោះរូបប៉ុន្មានសន្លឹក របស់ក្មួយស្រី ចូលទៅក្នុងបណ្តាញសង្គម Twitter តែម្តងទៅ។ ចាប់ពីពេលនោះទូរស័ព្ទ របស់នាង ក៏មានសម្លេងបន្លឺឡើងមិនឈប់ ដែលវាពិតជារំខានមែន តែរឿង ដែលធ្វើឲ្យនាង នឹកស្មានមិនដល់នោះគឺ ថាគេពិតជាចាប់អារម្មណ៍ ទៅលើក្មួយស្រីខ្លួនខ្លាំងដល់ថ្នាក់នឹងសោះ។
ជាងនេះទៅទៀត រូបភាពដែលបានបង្ហោះទៅនោះ គឺពិតជាទទួលបានការចែកចាយបន្ត ៣៩,០០០ដង ហើយទទួលការ Like ៥២,០០០ដង។
ចំណែកឪពុកម្តាយរបស់ Roey ពិតជារំភើប និងសប្បាយចិត្ត ខ្លាំងណាស់ នៅពេលដែលកូនរបស់ខ្លួនល្បី ក្នុងបណ្តាញសង្គមបែបនេះ ហើយពួកគាត់ក៏សង្ឃឹមថា ថ្ងៃណាមួយ នាងនឹងត្រូវបានចូលសម្ភាសន៍ នៅប៉ុស្តិ៍ទូរទស្សន៍ជាក់ជា មិនខាន៕