គាំទ្រ!!! ដំរីជាង ១០០ ក្បាល ត្រូវគេព្រលែងទៅកាន់ទីជម្រកធម្មជាតិវិញ ក្រោយធ្លាក់ចុះវិស័យទេសចរណ៍

ថៃ៖ សត្វដំរីជាច្រើនក្បាលនៅប្រទេសថៃ ដែលរស់នៅដោយជាប់ឃុំឃាំងគ្មានសេរីភាព និងពឹងផ្អែកលើវិស័យទេសចរណ៍ ត្រូវគេព្រលែងទៅកាន់ទីជម្រកធម្មជាតិវិញ ខណៈដែលវីរុស COVID-19 នៅតែបន្ដជះឥទ្ធិពលដល់ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក។

បច្ចុប្បន្ននេះ សត្វដំរីប្រមាណ ២,០០០ ក្បាលត្រូវគេរាយការណ៍ថា កំពុងប្រឈមនឹងភាពអត់ឃ្លាន ដោយសារម្ចាស់ឧទ្យានមិនមានលទ្ធភាពក្នុងការទិញចំណីផ្គត់ផ្គង់ប្រចាំថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ មានដំរីជាង ១០០ ក្បាល ត្រូវបានដោះលែងពីឧទ្យាននៅខេត្តឈៀងម៉ៃ ទៅកាន់ទីកំណើតរបស់ពួកវាវិញ នៅស្រុក Mae Chaem ដែលជាតំបន់របស់ជនជាតិភាគតិចការ៉ែន និងចិញ្ចឹមដំរីជាប្រពៃណី។

ទោះជាយ៉ាងណាក៏ដោយ ដំរីជាច្រើនក្បាលទៀត ត្រូវបន្ដរស់នៅក្នុងទីជម្រកនៃខេត្ដឈៀងម៉ៃដដែល តាមរយៈប្រាក់រៃអង្គាសរបស់អង្គការមួយ ឈ្មោះថា Save Elephant Foundation ។ ចំណែកដំរីជាង ១០០ ក្បាលដែលបានដោះលែងនោះ ត្រូវគេជឿថា ពួកវាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកចំណីដោយខ្លួនឯង។

សូមជម្រាបថា ដំរីទាំង ១០០ ក្បាលខាងលើ បានធ្វើដំណើរពីឧទ្យាននៅខេត្តឈៀងម៉ៃ ទៅទីជម្រកធម្មជាតិរបស់ពួកវាវិញ ដោយថ្មើរជើង ក្នុងរយៈចម្ងាយជាង ១៥០គីឡូម៉ែត្រ។ ហើយដំរីទាំងនេះ មិនបានត្រលប់មកតំបន់ធម្មជាតិនៅស្រុក Mae Chaem នេះ ជាង ២០ឆ្នាំហើយ។ លុះពេលមកដល់ភ្លាម ពួកវាបានរត់លេងនៅទីនោះជាមួយកូនៗរបស់ពួកវាយ៉ាងសប្បាយរីករាយទៀតផង៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.