ចង្កៀងដំបូងគេបង្អស់ នៅលើពិភពលោក រកឃើញក្នុង ផ្នូរបុរាណអាយុ ២,០០០ឆ្នាំ!!!
ចិន៖ ចង្កៀងបុរាណចំនួនពីរ មានអាយុកាលជាង ២,០០០ឆ្នាំ ត្រូវបានរកឃើញក្នុងផ្នូរបុរាណ នៅប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាជា ចង្កៀងការពារបរិស្ថានដំបូងគេបង្អស់ លើពិភពលោក ដែលត្រូវបានបង្កើតឡើង ។
ចង្កៀងបុរាណនេះ ត្រូវបានរកឃើញក្នុងផ្នូរបុរាណ Haihunhou ដែលអ្នកបុរាណវិទូទើបតែធ្វើជីក កកាយរក ឃើញ រួមជាមួយនឹងបុរាណវត្ថុជាច្រើនផ្សេងទៀត នាពេលថ្មីៗនេះ នៅក្នុងខេត្ត Jiangxi ។
ប្រភពព័ត៌មានបានឲ្យដឹងថា ចង្កៀងបុរាណនេះ ធ្វើពីសំរិទ្ធ ដែលមានរូបរាងដូចជាសត្វក្ងាន កំពុងពាំសត្វត្រី ដែលរូបនេះ គឺត្រូវបានគេចាត់ទុកថា ជារូបតំណាងឲ្យ លាភសំណាង ។
លើសពីនេះ ចង្កៀងនេះត្រូវបាន គេរចនា ឡើង ដោយធ្វើឲ្យ ផ្សែងនៃចង្កៀងហុយចូលតាមបំពង់-ក សត្វក្ងាន ហើយក៏រលាយក្លាយជា ចំហាយទឹកនៅបាតចង្កៀងនេះវិញ ដែលការរចនាបែបនេះហើយ ត្រូវបានអ្នកបុរាណវិទូចាត់ទុកថា ជាចង្កៀងដំបូងគេលើ ពិភពលោក ដែលថែរក្សាការពារបរិស្ថាន ដោយមិនបញ្ចេញផ្សែងកង្វក់ចូលក្នុងបរិស្ថានផែនដី។
អ្នកបុរាណវិទូ បានប្រាប់ថា ផ្នូរបុរាណ Haihunhou នេះមានចំនួន ៨ផ្នូរ ហើយ ផ្នូរសំខាន់ ជាងគេ គឺជាផ្នូរ របស់ ស្តេច Liu He ដែលជាចៅ របស់អធិរាជ Wudi ដែលជាអធិរាជ គ្រងរាជ្យយូរជាងគេបំផុត ក្នុងសម័យកាល រាជវង្ស ហាន (ឆ្នាំ២០៦មុនគ្រិស្តសករាជ ដល់ឆ្នាំ ២៤ នៃគ្រិស្តសករាជ) ។
យ៉ាងណាមិញ អ្នកបុរាណវិទូ នៃនាយកដ្ឋានវប្បធម៌ក្នុងខេត្ត Jiangxi កំពុងបន្តជីកកកាយ ផ្នូរបុរាណនេះ និង ធ្វើការសិក្សាអំពីផ្នូរបុរាណនេះ បន្តទៀត ៕
ប្រភព CNTV
ប្រភពពី khmerload