គំនិតល្អមែន! ជួលស្រីស្អាត មកកំដរបុគ្គលិកប្រុសៗ ដើម្បីជំរុញទឹកចិត្តធ្វើការ
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីពួកគេបានជ្រើស យកវិធីសាស្ត្រលើកទឹកចិត្ត បុគ្គលិកប្រុសៗឲ្យខំធ្វើការ ដោយជួលស្រីស្អាតៗមកនិយាយកំដរ។
ស្រីស្អាតទាំងនោះត្រូវបានជួលមក បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ ដល់បុគ្គលិកដែលបំរើការងារ នៅក្នុងក្រុមហ៊ុនអ៊ីនធឺណែតមួយកន្លែង នេះបើយោងតាម ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមួយនៅចិន។ តួនាទីរបស់ពួកគេគឺ ទិញអាហារពេលព្រឹកឲ្យបុគ្គលិក និយាយលេង និងលេងកីឡាវាយប៉េងប៉ុង ជាមួយបុគ្គលិក នៅក្នុងក្រុមហ៊ុនជាដើម។
នៅក្នុងរូបភាពគេឃើញនារីក្មេងៗ កំពុងត្រូវបណ្តុះបណ្តាលពីបុគ្គលិកជំនាញ ដោយនៅក្នុងដៃមាន កាន់សៀវភៅសំរាប់ទុកកត់ត្រាការណែនាំ ខណៈរូបផ្សេងទៀតគេឃើញ ពួកនាងកំពុងនិយាយសើចលេង ជាមួយបុគ្គលិកប្រុសៗ ដោយរួមមានទាំងការច្រៀងផងដែរ។
អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ដែលជាអ្នកជួលនារីកំដរទាំងនោះមក បានឲ្យដឹងថា បុគ្គលិកជំនាញ សរសេរកម្មវិធី (Programmer) របស់ក្រុមហ៊ុនភាគច្រើនគឺប្រុសៗ ហើយពួកគេ ខ្សោយនៅក្នុងការទំនាក់ទំនងជាមួយសង្គម។ ការជួលនារីៗ មកកំដរបែបនេះ គឺដើម្បីជួយឲ្យការងារមានប្រសិទ្ធភាព និងជួយលើកទឹកចិត្តដល់ពួកគេ៕