លោកតា វ័យ ៨៤ឆ្នាំ ទទួលសញ្ញាបត្រអនុបណ្ឌិត បានប្រាប់ រូបមន្តជោគជ័យ!

ចិន៖ បុរសវ័យចំណាស់ម្នាក់ អាយុ៨៤ឆ្នាំ បានចំណាយពេល ១០ឆ្នាំ នៅថ្នាក់ឧត្តមសិក្សា រហូតបញ្ចប់បានសញ្ញាបត្រអនុបណ្ឌិត ខាងផ្នែកកីឡាទិននីស (Tennis)។បើមើលទៅលើ លក្ខ័ណធម្មជាតិមនុស្សដល់វ័យប្រហែល ៧០-៨០ឆ្នាំ​ កំលាំងពល្លាំង ប្រាកដជា មានការអន់ថយ ឌ្រុទទ្រោម ជាលំដាប់ ការចង់ចាំមានការចុះខ្សោយ ភ្លេចមុខភ្លេចក្រោយ ផ្ទុយទៅវិញ ការគាំពារ ថែទាំ បម្រើយ៉ាងយកចិត្តទុកដាក់ ពីសំណាក់កូនចៅគ្រប់រូប គឺជាការចាំបាច់បំផុត។ បើគិតតាមមាគ៌ារបស់ព្រះពុទ្ធសាសនា គឺដល់វ័យដែលត្រូវ រកធម៌អារ កាន់សីល សន្សំកុសសទៅហើយ។

ក្រឡែកមើលប្រទេសចិនឯណោះវិញ បុរសវ័យចំណាស់ម្នាក់ ឈ្មោះ ចាង រ៉េនប៉េង ដែលមានអាយុ ៨០ប្លាយទៅហើយ បែរជាមានការចាប់អារម្មណ៍ ទៅនឹងកីឡាវាយទិននីស ដែលជាប្រភេទកីឡាម៉្យាង ត្រូវការកម្លាំងថាមពលច្រើន រហូតដល់បានសម្រេចចិត្ត ទៅខិតខំរៀន យកចំណេះដឹង ខាងកីឡានេះ នៅឯវិទ្យាស្ថានមួយកន្លែង រហូតដល់ទទួលបាន សញ្ញាបត្រអនុបណ្ឌិត។

លោកតា ចាង ធ្លាប់មានអាជីពជាប្រធានវិស្វករមួយរូប មុនពេលដែលគាត់បាន ចូលនិវត្តន៍ពីការងារនោះ ។ ដោយឡែក នៅកំឡុងឆ្នាំ២០០៦ លោកបានចូលរៀន នៅក្នុងថ្នាក់កីឡាទិននីស ដែលដឹកនាំដោយ គ្រូបង្ហាត់ម្នាក់ ឈ្នោះ វ៉ាង វ៉េមីន ហើយបន្ទាប់មកទៀត លោកក៏បានចូលរៀន ដោយចំណាយពេលវេលា ១០ឆ្នាំ នៅវិទ្យាស្ថានកាយសិក្សាវូហាន ។

យោងទៅតាមលោក លី កៃជី ដែលមិត្តរួមថ្នាក់ របស់លោក ចាង បានឲ្យដឹងថា ទោះបីជាលោក ចាង នៅឆ្ងាយពីសាលាក៏ដោយ ក៏គាត់តែងតែ មកដល់ថ្នាក់រៀនមុនគេ និងចេញទៅផ្ទះវិញ ក្រោយគេដែរ ។ ចំណែកឯ លោកវ៉ាង វ៉េមីន ដែលជាគ្រូ ក៏បានមានប្រសាសន៍កោតសរសើរ ដល់គាត់ផងដែរ ថាគាត់ជាមនុស្សដែលមានចំណាប់អារម្មណ៍ ខាងការសិក្សាណាស់ ក្រៅពីរៀនកីឡាទិននីស គាត់ឆ្លៀតពេលមើលមេរៀនផ្សេងៗ ភាសាបារាំង និងភាសាជប៉ុនផងដែរ ។

នៅក្នុងឆ្នាំ២០១២ វេជ្ជបណ្ឌិតបានធ្វើការពិនិត្យសុខភាព ដល់លោក ចាង ហើយបានប្រាប់ថា លោកមានជម្ងឺមហារីក​ ក្រពេញប្រូស្តាត ។ តែទោះជា មានជម្ងឺយ៉ាងនេះក៏ដោយ ជាមួយនឹងឆន្ទះមោះមុត និងការប្តេជ្ញាខ្ពស់ លោកនៅតែសកម្ម ជាមួយការសិក្សា និងការហ្វឹកហាត់របស់លោក មិនរាថយឡើយ។​ រាល់ពេលវឹកហាត់ លោកជានិច្ចកាល តែងតែធ្វើការកម្តៅសាច់ដុំ (warm-up) ដោយធ្វើចលនាកាច់ពត់ យោលដៃជើង​ ប៉ុន្នាននាទីជាមុនសិន ។ លោក ចាង បានមានប្រសាសន៍ថា “ការហាត់ប្រាណកម្តៅសាច់ដុំ ពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះមនុស្សដែលមានវ័យចំណាស់ ដូចជារូបខ្ញុំ ត្រូវតែការពារខ្លួន ពីការទទួលរងរបួសពេលហាត់ និងការបង្កបញ្ហាដល់អ្នកដទៃ” ។

ជាងនេះទៅទៀតនោះ ដោយមានការជួយជ្រោមជ្រែងពីលោក លី កៃជី ដែលជាគ្រូ លោក ចាង ក៏បានបន្តថ្នាក់អនុបណ្ឌិតរបស់លោកបានថែមទៀតផង ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក ចាង បានបន្តចាប់អាជីពជាអ្នកជំនួយការបង្ហាត់ ហើយលោកក៏មានគម្រោង ក្នុងការអនុវត្តកីឡាជារៀងរាល់ថ្ងៃ ក្នុងកំឡុងពេលដែលគាត់អាចធ្វើបាន ។

នេះគឺជាគំរូយ៉ាងល្អ សម្រាប់យុវវ័យទាំងអស់ យកទៅពិចារណា និងឲ្យតម្លៃទៅលើ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទោះបីស្ថិតនៅក្នុងវ័យណាក៏ដោយ វាមិនទាន់ហួសពេលទេ ឲ្យតែមានការស្រឡាញ់ មានឆន្ទះ និងការប្តេជ្ញាខ្ពស់ មិនចុះញ៉មនឹងឧបសគ្គចំពោះមុខនោះ យើងប្រាកដជាអាច ទទួលបាននូវភាពជោគជ័យ ដូចក្តីប្រាថ្នាមិនខានឡើយ ៕

ប្រភព៖ ស៊ៀងហៃ
ប្រភពពី khmerload

Leave a Reply

Your email address will not be published.