សូមចែករំលែកបន្តផង! វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំវិធីការពារ “រន្ទះបាញ់” និងការជួយសង្គ្រោះ
ជាការពិតណាស់ រដូវភ្លៀងឆ្នាំនេះបានចាប់ផ្តើមហើយ ហើយនៅកម្ពុជាគេសង្កេតឃើញថា ជារៀងរាល់ឆ្នាំកសិករដែលកំពុងធ្វើការភ្ជួររាសដកស្ទូងច្រូតកាត់ ឬក្មេងៗដើរចេញទៅឃ្វាលគោនៅតាមវាលស្រែបានស្លាប់ និងរងរបូសដោយសារតែបាតុភូតរន្ទះបាញ់។ ជុំវិញករណីរន្ទះបាញ់នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ថា រន្ទះជាទូទៅតែងតែបាញ់ទៅលើវត្ថុដែលមានកម្ពស់ខ្ពស់ជាងគេ និងវត្ថចម្លងអគ្គិសនីនានានៅក្នុងទឹក ព្រមទាំងវត្ថុងាយចម្លងផ្សេងៗទៀត។
ដើម្បីការពារខ្លួនពីរន្ទះបាញ់ក្នុងរដូវភ្លៀង លោកវេជ្ជបណ្ឌិតបានណែនាំគន្លឹះការពារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១ គឺការពារខ្លួនឯងនៅតាមទីវាលស្រែឬនៅក្រៅផ្ទះ
*កុំរត់ទៅជ្រកក្រោមដើមឈើ និងត្រូវនៅឱ្យឆ្ងាយពីដើមឈើ *បើអ្នកនៅកន្លែងខ្ពស់ត្រូវប្រញាប់ចុះទៅនៅក្រោម ឧទាហរណ៍បើអ្នកនៅលើទួលត្រូវចុះទៅនៅក្នុងទួល។ *ចៀសវាងការប្រើឆ័ត្រទទូរដើរទាំងកណ្ដាលស្រិចៗ ព្រោះប្រឈមនឹងការរន្ទះបាញ់ដែរ *ត្រូវរក្សាខ្លួនឱនចុះឱ្យបានទាបជាងវត្ថុនានាដែលនៅជុំវិញខ្លួន តែមិនត្រូវអង្គុយ ឬក្រាបផ្ទាល់ដីឡើយ *ចៀសវាងនៅក្នុងស្រែ បឹង ទន្លេ ពេលមេឃខ្មៅមីដេដាសលាយឡំផ្គរ ផ្លេកបន្ទោរ កល់រកភ្លៀង *បើមានភ្លៀងគួរចូលក្នុងផ្ទះ
ទី២. វិធីការពារខាងក្នុង និងនៅជុំវិញផ្ទះ *កុំលាងដៃ កុំងូតទឹក ពេលមេឃមានផ្គរ មានផ្លេកបន្ទោរ កល់រកភ្លៀង *កុំអង្គុយជិតបង្អួត *កុំឈរលើបីតុងស៊ីម៉ងត៍ ព្រោះក្នុងនោះមានដែកដែលបង្កប់ដើម្បីភាពរឹងមាំនៃបីតុង *កុំផ្អែកនឹងជញ្ជាំងស៊ីម៉ងត៍ ព្រោះក្នុងនោះគេខ្សែភ្លើង ដែក *ចៀសវាងមើលទូរទស្សន៍ និងប្រើទូរសព្ទមានខ្សែ ពេលមេឃមានផ្គ មានផ្លេកបន្ទោរ កល់រកភ្លៀង *កុំទៅឈរជិតរបងដែក ត្រូវនៅឱ្យឆ្ងាយយ៉ាងហោចណាស់៩ម៉ែត្រពីរបងដែកនោះ
អ្វីដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានរៀបរាប់នៅខាងលើនេះ គឺសុទ្ធតែជារបស់ចម្លងចន្តរអគ្គិសនី ដែលមនុស្សគ្រប់គ្នាគប្បីគួរអនុវត្ត ដើម្បីការពារខ្លួនពីការរន្ទះបាញ់នៅក្នុងរដូវភ្លៀង។
ក្នុងវែបសាយការិយាល័យសេវាកម្មអន្តរជាតិផ្នែកធាតុអាកាសរបស់សហរដ្ឋអាមេរិក (National Weather Service) បានសរសេរបង្ហាញថា ជាទូទៅក្នុងចំណោមមនុស្ស១០០នាក់ ដែលត្រូវរន្ទះបាញ់ គឺមានតែមនុស្ស១០%ប៉ុណ្ណោះ ដែលស្លាប់បាត់បង់ជីវិត។ ក៏ប៉ុន្តែ៩០%ទៀត ដែលបានរួចរស់ជីវិតតែងទទួលរងរបួស និងធ្លាក់ខ្លួនពិការ បាត់ការចងចាំ ដោយប្រការផ្សេងៗ ដែលមិនអាចឱ្យជនរងគ្រោះវិលមកសភាពដូចដើមវិញ។
ទាក់ទងនឹងការសង្គ្រោះមនុស្សរងគ្រោះពីការរន្ទះបាញ់វិញ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំថា ប្រការដែលសំខាន់បំផុត គឺត្រូវធ្វើចលនាបេះដូង (CPR) សង្គ្រោះអ្នកសន្លប់បាត់ដង្ហើម ហើយបន្ទាបមកត្រូវបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា។ ការបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេញបានទាន់ពេលវេលា ពេទ្យនឹងព្យាបាលគ្រឿងក្នុងរបស់គាត់ ព្រោះថាជាទូទៅគេខ្លាចបំផុតការប៉ះទង្គិចខួរក្បាល និងសរីរាង្គគ្រឿងក្នុងរបស់ជនរងគ្រោះ។
ប្រភព៖interconrooster