កូនខ្មែរគ្រប់រូបមិនគួរមើលរំលង ទស្សនៈល្អៗ១០ឃ្លា របស់ “ស្រី ហិតោបទេស”..ជួយស៊ែរអោយបានដឹងផង
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវទស្សនៈល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិសម្រាប់ដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ។ ពិសេសនោះ ក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។ខាងក្រោមនេះជាកម្រងទស្សនៈល្អៗ១០ឃ្លា ដែលនិយាយពី ការបំបែកមិត្ត នៅក្នុងភាគ២ នៃស្រីហិតោបទេស ដូចខាងក្រោមនេះ៖
ទី១ ភ្លើងតែងមិនឆ្អែតដោយអង្កត់ឧសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ ឯស្ត្រីមានរូបល្អ តែងមិនឆ្អែតដោយប្រុសទាំងឡាយ។ទី២ នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង ឯនរជនមិនមានប្រាជ្ញា នឹងមានកម្លាំងមកពីណា! ចូលមើលសីហៈជោរឡើងដើមចាក ត្រូវទន្សាយសម្លាប់បាន។
ទី៣ សេចក្ដីសង្ស័យដោយស្ទាក់ស្ទើរចិត្ត គឺជាសេចក្ដីអន្តរាយដល់សារពើការងារ បុគ្គលគម្បីលះបង់ចោលឱ្យអស់ស្រឡះទៅ ព្រោះកាលបើលះបង់សេចក្ដីសង្ស័យស្ទាក់ស្ទើរចិត្តហើយ នោះការសម្រេចផលប្រយោជន៍នឹងកើតប្រាកដទៅតាមរបៀប។ទី៤ មិត្តណាជាទីស្រឡាញ់ពេញចិត្ត សូម្បីធ្វើឱ្យយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះនៅតែជាមិត្តជាទីស្រឡាញ់ពេញចិត្តដដែល ដូចជាភ្លើង សូម្បីឆេះមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត។
ទី៥ សត្វលោក សូម្បីត្រូវសរមួយរយផ្លែ បើមិនទាន់ដល់កាល នោះមិនស្លាប់ បើដល់កាលមរណៈហើយ សព្វបើមុតដោយស្បូវបន្តិចក៏មិនរស់ដែរ។
ទី៦ នៅលើដើមចន្ទន៍មានពស់ នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូក មានក្រពើ នៅក្នុងភោគទ្រព្យ មានជនពាលជាអ្នករុកគួនឈ្នានីស ក្នុងលោកនេះ សេចក្ដីសុខប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ។
ទី៧ ជនឥតប្រាជ្ញា សម្រាំងខ្លួនហើយ សម្រាំងទៀត ទុកបម្រុងគ្រាន់តែបម្រើជនដទៃជានាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនឱ្យល្អទុកសម្រាប់តែបុរស។ទី៨ បុគ្គលលើកយកថ្ម ឡើងលើកំពូលភ្នំបានដោយសេចក្ដីព្យាយាមដ៏ធំ តែបើទម្លាក់ចុះពីលើកំពូលភ្នំវិញបានដោយងាយ ខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណ គឺក្ដីព្យាយាមដ៏ធំ តែបើធ្លាក់ខ្លួនទៅកាន់ឋានៈថោកទាបវិញដោយទោសដ៏ងាយៗក៏យ៉ាងនោះដែរ។
ទី៩ ព្រះពាយ មិនរំលើងឫសគល់ស្មៅទាំងឡាយណាដែលទាបៗ ហើយទន់ទោរឱនក្រាបស្រពាបទៅតាមទិសសព្វកាលទេ តែរមែងរំលើងឫសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហាន រមែងបំបាក់បំបបចំពោះអ្នកធំហៅហានដូចគ្នា។ទី១០ កាលបើព្រះចន្ទ្រឡើងក្រឡង់ កម្ចាត់បង់អ័ព្ទងងឹតសូន្យសុង ចោលពន្លឺភ្លឺថ្លា ត្រជាក់ស្រអែតក្នុងរាត្រីកាលហើយ ព្រះកាមទេពតែងបាញ់សរទៅចំចិត្តកម្លោះ ដែលខ្លួនបានឃើញ។
ស្រីហិតោបទេស មានចំនួន៤ភាគ ដែលភាគ១ និយាយពី ការគប់មិត្ត ភាគ២ និយាយពី ការបំបែកមិត្ត ភាគ៣ និយាយពី សង្រ្គាម និងភាគ៤ គឺនិយាយពីសន្តិភាព។គួររម្លឹកជូនដែរថា រាល់ភាគនីមួយៗបកប្រែចេញពីភាសាសំស្ក្រឹត ដោយភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ និងផ្សាយចេញពីពុទ្ធសាសនបណ្ឌិត្យ។ ភិក្ខុអង្គនេះក៏ជាអតីតអ្នកប្រាជ្ញខ្មែរមួយរូបដែលចេះច្រើនភាសា ព្រមទាំងជាអ្នកស្នេហាជាតិដែលមានកិត្តិសព្ទល្បីល្បាញក្នុងទសវត្សទី១៩៦០ផងដែរ៕
ប្រភព៖interconrooster