អានហើយពិតជារំជួលចិត្តខ្លាំងណាស់… (មានវីដេអូ)
មនុស្សកើតមកមានជីវិតរស់នៅលើផែនដីដូចគ្នា តែវាសនាមិនដូចគ្នាទេ ហើយក៏មិនអាចកំណត់វាសនារបស់ខ្លួនឯងដែរ។ មនុស្សខ្លះកើតមកលើគំនរទ្រព្យសម្បត្តិរស់នៅសុខ ដេកស្រួល ចង់បានអ្វីក៏បានហ្នឹង។ ប៉ុន្តែមនុស្សខ្លះកើតមកស្ថានភាពលំបាកលំបិន តែក្រាញននាលព្រោះតែចង់មានជីវិតរស់នៅសមរម្យដូចគេដូចឯង។ ជាក់ស្ដែងយុវជន ៣រូបខាងក្រោមនេះសុទ្ធតែឆ្លងកាត់ជីវិតលំបាកនឹកស្មានមិនដល់ រហូតអាចទទួលជោគជ័យក្នុងជីវិតរៀងខ្លួន។
តាំង មានរិទ្ធ និស្សិតចប់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងរដ្ឋបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឆ្លងកាត់ជីវិតពោរពេញដោយការតស៊ូ តាំងពីនៅតូច មិនដែលស្គាល់អាហារឆ្ងាញ់ រស់នៅស្រួល ស្លៀកពាក់ស្អាតបាតនោះទេ ហើយលោកត្រូវធ្វើការរកលុយតាំងពីរៀននៅថ្នាក់ទី២មកម្ល៉េះ។
តាំង មានរិទ្ធ មានស្រុកកំណើត នៅខេត្តកំពង់ធំ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ។ លោកមានបងប្អូន៨នាក់ហើយលោកជាកូនទី៥ ក្នុងគ្រួសារ បច្ចុប្បន្នមានអាយុ ២៩ឆ្នាំហើយ ។
រំឭកទៅអតីតកាលលោកត្រូវទៅធ្វើការសំណង់ តាំងពីរៀនថ្នាក់ទី២ ក្រៅពីធ្វើការសំណង់ទាំងកុមារភាព លោកក៏ធ្លាប់ស៊ីឈ្នួលច្រូតកាត់ឱ្យគេដើម្បីរកលុយជួយព្យាបាលជំងឺម្ដាយ។ មកដល់ថ្នាក់ទី៧ លោកបានចាកចេញពីស្រុកកំណើតទៅធ្វើការ ជាអ្នកលាងឡាននៅព្រំដែនថៃ ។ មិនរួញរានឹងជីវិតមួយនេះឡើយ មានរិទ្ធត្រូវធ្វើការសំណង់បន្តទៀត តាំងពីថ្នាក់ទី ១០រហូតដល់ថ្នាក់ទី១២។
រៀនពូកែ តែគ្មានលទ្ធភាពដូចគេ។ ដល់ឆ្នាំ ២០០៩ លោកបានប្រឡងជាប់បាក់ឌុបតែគ្មានលុយរៀនបន្តនោះទេ លោកក៏ត្រូវចាកចេញពីស្រុកកំណើតសារជាថ្មី ទៅរស់នៅខេត្តសៀមរាប ធ្វើជាអ្នករត់តុ។ តស៊ូគង់មានឱកាស មានរិទ្ធ ប្រឡងជាប់អាហារូបករណ៍ ១០០%ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ប៉ុន្តែមករស់នៅភ្នំពេញដំបូង លោកមិនស្គាល់អ្វីទាំងអស់ ថែមទាំងគ្មានលុយច្រើនជាប់ខ្លួន អង្ករក៏គ្មានហូប ព្រោះអ្នកផ្ទះពុំមានអង្ករហូបបាយនោះទេ។
ជីវិតរសាត់អណ្ដែត មកនៅភ្នំពេញលោកត្រូវធ្វើការសំណង់ពេលថ្ងៃ ហើយរៀនពេលយប់ដើម្បីរកលុយរៀននឹងគេ។ ធ្វើការសំណង់នេះគ្មាននរណាម្នាក់ដឹងទេ រយៈពេល២ឆ្នាំ សូម្បីតែមិត្តភក្ដិស្នាក់នៅជាមួយគ្នាក៏លោកមិនដែលឱ្យអ្នកណាដឹងដែរ។ថ្ងៃដែលទទួលសញ្ញាបត្រ មានរិទ្ធ បានធ្វើដំណើរពីភ្នំពេញទៅ កំពង់ធំដែលជាទឹកដីកំណើត យកសញ្ញាបត្រជូនម្ដាយ។ លោកប្រាប់ថា ទៅដល់ម្ដាយលោកសុំស្ទាបលោក រួចនិយាយថាកូនមករស់នៅភ្នំពេញយូរធំប៉ុណ្ណាហើយ ហើយម្ដាយពិតជាចង់ឃើញសញ្ញាបត្រនោះខ្លាំងណាស់។
ដោយសារតែពេលលោកទៅដល់យប់ជ្រៅហើយ មើលមិនឃើញទើបព្រឹកឡើងលោក លុតជង្គង់ទាំងពីរយកសញ្ញាបត្រជូនម្ដាយ ហើយទាំងម្ដាយលោក ទាំងលោកផ្ទាល់បានស្រក់ទឹកភ្នែករំភើបចិត្ត រកពាក្យអ្វីនិយាយមិនបាន មានតែទឹកភ្នែកនេះហើយជួយបញ្ជាក់ពីទំហំនៃក្ដីរំភើបដែលលោកមាន។