កម្របានឃើញណាស់!!! នគរបាជ័យ ទឹកដីប្រវត្តិសាស្ត្រ អាយុកាល១០០០ឆ្នាំ
ដែនដីកំពង់ចាមជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត។ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយដោយមាន“ជ័យពីរសក្តិនគរ”ជាសាក្សី។“ជ័យពីរសក្តិនគរ”គឺជាឈ្មោះដើមនៃ“វត្តនគរបាជ័យ”បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម។គ្រានោះនាសតវត្សរ៍ទី១២ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី៧(ព្រះបាទជ័យវរ្ម័នទី៧)ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ។
ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត(សព្វថ្ងៃគេហៅថាជា“បន្ទាយព្រៃនគរ”(វាលប្រណាំងសេះចាស់)ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ។ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់“ព្រះវីរសក្តិ”ជាទីសក្ការៈយើងត្រូវឆ្លងកំពែងនគរចំនួន៤ជាន់ដែលកំពែងជាន់នីមួយៗមានគោបុរៈ៤ចាក់ចំខ្វែងកែងគ្នាប្រសព្វត្រង់ទីព្រះប្រាង្គដ៏ឧត្តមតែមួយ។លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមកក្នុងថ្ងៃចន្ទ១៤រោចខែអាសាឍឆ្នាំខាល,មហាសករាជ១៤៨៨ត្រូវនឹងថ្ងៃទី១៥ខែកក្កដាឆ្នាំ១៥៦៦វេលាម៉ោងខ្ទង់៨ព្រឹកសម្ដេចឧកញ៉ាយស-ស្រីសៅគន្ធបទ,អតីតព្រះមហាក្សត្រព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ,បានកសាងជាសូរេចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ដើម្បីតម្កល់ព្រះមហាសារីរិកធាតុហើយក៏បានប្រតិស្ឋានព្រះពុទ្ធរូបសន្ធប់មុខទ្វារទាំងបីទិសនៃព្រះប្រាង្គប្រធានផងហើយ
ទើបចាត់កសាងមហាវិហារនិងគោលសីមា-រក្សាជាសក្ការៈនៅត្រង់ពីខាងមុខនៃទិសខាងកើត។ដោយសារព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយក៏ត្រូវកសាងជាច្រើនលើកច្រើនសារហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ។ ព្រះវិហារបុរាណនេះគឺជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ១៩៣០ដែលនៅសេសសល់គំនូរនៅតាមហប់ខ្យល់និងពិដានក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត។
ទោះប្រមាណ៥០០ឆ្នាំកន្លងមកទៀតទៅហើយក្ដីក៏អ្នកស្រុកនៅតែចងចាំបានអំពីឈ្មោះដើមរបស់ប្រាសាទដែលត្រូវបានកសាងឡើងតាំងអំពី១០០០ឆ្នាំកន្លងនៅឡើយ..ថាជា“វត្តនគរបាជ័យ”–“ជ័យពីរសក្តិនគរ”។ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ(បន្ទាយព្រៃនគរ)នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការUNESECOដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ១៩៩២រួមគ្នាជាមួយក្រុមប្រាសាទកោះកេរ្តិ៍-ឧទ្យានជាតិភ្នំគូលេន-អង្គរបូរីនិងភ្នំដា-ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា-ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយនិងក្រុមប្រាសាទបន្ទាយឆ្មារ៕ប្រភព៖ Kampucheers