ដឹងទេ? បើចេះឆែកលេខ ១៧ ខ្ទង់នេះ ដឹងខ្ទេចពីប្រភពឡានមកពីណា ប្រទេសណា កន្លែងណា…(មានវីដេអូ)
លេខសម្គាល់អត្តសញ្ញាណរបស់យានយន្ត ឬដែលគេស្គាល់ថាជា VIN (Vehicle Identification Number) ជាលេខដែលចេញមកសម្រាប់សម្គាល់ពីប្រទេសផលិត ឆ្នាំផលិត ប្រភេទយានយន្ត លក្ខណៈសម្បត្តិ និងព័ត៌មានជាច្រើនទៀតរបស់រថយន្តផ្ទាល់។
ជាធម្មតា VIN មានចំនួន ១៧ខ្ទង់ចាប់តាំងពីឆ្នាំ ១៩៨១ មក។បើសិនរថយន្តមិនមាន VIN គ្រប់ចំនួន ១៧ ខ្ទង់ទេប្រហែលមកពីរថយន្តផលិតមុនឆ្នាំ ១៩៨០ ឬក៏លេខ VIN នោះមិនពិតប្រាកដ។ ខ្ទង់ទី ១ ដល់ ទី ៣ ៖ ហៅថា World Manufaturer Indentifier (WMI) ដែលអាចឲ្យដឹងប្រទេសនៃរថយន្ត (ខ្ទង់ទី ១), ក្រុមហ៊ុនផលិតរថយន្ត (ខ្ទង់ទី ២) និង ប្រភេទនៃរថយន្ត (ខ្ទង់ទី ៣)។
ខ្ទង់ទី ៤ ដល់ ទី ៨ ៖ បង្ហាញពីលក្ខណៈសម្បត្តិរបស់រថយន្ត។ សូមបញ្ជាក់ផងដែរថា លេខកូដទាំង ៥ ខ្ទង់នេះ អាចនៅឆ្លាស់គ្នារវាង លេខកូដប្រភេទម៉ាស៊ីន លេខកូដតួរថយន្ត លេខកូដស៊េរី លេខកូដសែស្រឡាយ និង លេខកូដប្រព័ន្ធសុវត្ថិភាពរថយន្ត។ ខ្ទង់ទី ៩ ៖ ហៅថា Check Digit សម្រាប់ផ្ទៀងផ្ទាត់ជាមួយ លេខ VIN ទាំង ១៧ខ្ទង់នោះថាជាលេខពិតប្រាកដឬក៏ក្លែងក្លាយ។ ខ្ទង់ទី ១០ ៖ ជាលេខកូដសម្គាល់ឆ្នាំរបស់រថយន្ត។
ខ្ទង់ទី ១១ ៖ ជាលេខកូដសម្គាល់ទីតាំងរោងចក្រ ដែលផលិតរថយន្តនោះ។ ខ្ទង់ទី ១២ ដល់ ១៧ ៖ ជាលេខសម្រាប់សម្គាល់រថយន្តក្នុងសែសង្វាក់ផលិតកម្ម។ លេខនេះប្រៀបដូចជាឈ្មោះរបស់រថយន្តអ៊ីចឹង ដែលចេញដោយរោងចក្រផលិតរថយន្តផ្ទាល់។
ខាងក្រោមនេះជាឧទាហរណ៍ នៃការមើលលេខ VIN របស់រថយន្ត Lexus RX 300៖ VIN៖ JTJGF10U120136756 ខ្ទង់ទី ១ ៖ តំណាងឲ្យ ប្រទេសផលិត គឺប្រទេស ជប៉ុន ខ្ទង់ទី ២ ៖ T តំណាងឲ្យ ក្រុមហ៊ុនផលិត គឺក្រុមហ៊ុន តូយ៉ូតា ខ្ទង់ទី ៣ ៖ J តំណាងឲ្យ ប្រភេទរថយន្ត ដោយវាជាប្រភេទតួខ្ពស់ (SUV) ខ្ទង់ទី ៤ ៖ G តំណាងឲ្យ រូបរាងរថយន្ត ដោយវាជាប្រភេទទ្វារបួន ប្រើប៉ុង ១ ខ្ទង់ទី ៥ ៖ F តំណាងឲ្យ ប្រភេទម៉ាស៊ីន ដោយរថយន្តនេះប្រើម៉ាស៊ីនប្រភេទ I មានស៊ីឡាំង ៦ មានទំហំ ៣ លីត្រ ខ្ទង់ទី ៦ ៖
1 តំណាងឲ្យ ស៊េរី ដែលវាអាចប្រើបានចំពោះម៉ូដែល RX300 IS300 និង ES300 (ឆ្នាំ ១៩៩៦) ខ្ទង់ទី ៧ ៖ 0 តំណាងឲ្យ លក្ខណៈសុវត្ថិភាព ដោយរថយន្តនេះមានពោងខាងមុខ ២ និងពោងនៅជាប់ទ្វារមុខសងខាង។
ខ្ទង់ទី ៨ ៖ U តំណាងឲ្យ សែស្រឡាយរបស់រថយន្ត ដោយវាជាសែស្រឡាយ RX300 និង RX330 ខ្ទង់ទី ៩ ៖ 1 តំណាងឲ្យ លេខផ្ទៀងផ្ទាត់ VIN របស់រថយន្តថាជាលេខពិតប្រាកដ ឬអត់ ខ្ទង់ទី ១០ ៖ 2 តំណាងឲ្យ ឆ្នាំ ២០០២ ដែលជាម៉ូដែលរបស់រថយន្ត ខ្ទង់ទី ១១ ៖ 0 តំណាងឲ្យ ទីតាំងរោងចក្រនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងផលិតរថយន្ត។ ខ្ទង់ទី ១២ ដល់ ១៧៖ 136756 ជាលេខសម្គាល់រថយន្ត ក្នុងសង្វាក់ផលិតកម្មរបស់វាផ្ទាល់។