ល្បិចថ្មីឆបោកប្រាក់ តាមអ៊ីនស្តាក្រាម!!!
ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) ដោយជនសង្ស័យ បានឆាតមកសុំរាប់អានជាមិត្តភ័ក្តិ និងនិយាយគ្នាលេង បន្ទាប់មកជននោះបានប្រាប់ខ្លួនថា ថ្ងៃស្អែកជាថ្ងៃបុណ្យកំណើតរបស់គេ ចង់ឱ្យខ្លួនទទួលឥវ៉ាន់ពីគេ ដើម្បីជួយបរិច្ចាគទៅចាស់ជរា និងក្មេងកំព្រា ហើយខ្លួនបានយល់ព្រម។
ជនឆបោកនោះបានផ្ញើរូបភាព មានដូចជា សម្លៀកបំពាក់ ទូរសព្ទដៃ និងប្រាក់មួយចំនួន រួចប្រាប់ខ្លួនថា ឥវ៉ាន់ផ្ញើចេញទៅហើយ បន្ទាប់មកក៏មានអ្នកទាក់ទងមកជនរងគ្រោះ ប្រាប់ខ្លួនថា ជាក្រុមហ៊ុនដឹកជញ្ជូន នៅព្រលានយន្ដហោះ មានឥវ៉ាន់ផ្ញើមកពីក្រុង Dubai ឱ្យខ្លួនមកទទួល ដោយតម្រូវឱ្យបង់ថ្លៃដឹកជញ្ជូន និង ថ្លៃសេវារដ្ឋបាល និងយកលេសឱ្យជនរងគ្រោះផ្ញើប្រាក់តាមភ្នាក់ងារវីង ជាបន្តបន្ទាប់ តែមិនឃើញមានសម្ភារផ្ញើមកជនរងគ្រោះទេ។
បន្ទាប់មកនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ១៦:៤០នាទី កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើប្រតិបត្តិការ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ឈ្មោះ HAMADOU ABDOU ភេទប្រុស សញ្ជាតិនីហ្សេរីយ៉ា ជនជាតិនីហ្សេរីយ៉ា នៅចំណុចមុខផ្ទះ១៣E០ ផ្លូវ១៨៥ ក្រុម០៧ ភូមិ០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងនាំជនសង្ស័យមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា