ពេលស្តារអូរសុខៗ ស្រាប់តែប្រទះឃើញផ្តែរប្រាសាទបុរាណ២ផ្ទាំង!
កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការស្តារអូរមួយកន្លែង ស្ថិតនៅខេត្ដពោធិ៍សាត់ បានប្រទះឃើញផ្ដែរប្រាសាទបុរាណ ចំនួន ២ផ្ទាំង ដែលមានក្បាច់រចនា យ៉ាងស្រស់ស្អាតតែម្ដង។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៏ឱ្យដឹងថា៖
“សូមគោរពរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី អំពី ស្តារអូរប្រទះឃើញផ្តែរប្រាសាទបុរាណ២ផ្ទាំង កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ចុះពិនិត្យមើលវត្ថុបុរាណ ផ្តែរ ២ផ្ទំាង ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការស្តារអូរ នៅភូមិអូរឬស្សី ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
តាមការបំភ្លឺបន្ថែមពីមន្ត្រីជំនាញបេតិកភណ្ឌខេត្ត ប្រាប់ថា ដោយមិនធ្លាប់បានឃើញពីមុនមកផង ដូច្នេះរង់ចាំក្រុមបច្ចេកទេសថ្នាក់ជាតិ ចុះមកពិនិត្យ និងវិភាគលើវត្ថុបុរាណនេះ ថាជារចនាបថពីប្រាសាទណាមួយ និងក្នុងសម័យណាផងដែរ។ ព័ត៌មានបន្ថែមសូមគោរពរាយការណ៍បន្តនៅពេលស្រាវជ្រាវដឹងច្បាស់”។