មិនគួរឲ្យជឿសោះ!!! រុស្ស៊ី កំពុងព្យាយាមជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី

(វ៉ាស៊ីនតោន)៖ មន្ត្រីសន្តិសុខបោះឆ្នោតជាន់ខ្ពស់ម្នាក់ នៃសហគមន៍ស៊ើបការណ៍សំងាត់ជាតិអាមេរិក បានអះអាងថា សហគមន៍ស៊ើបការណ៍សំងាត់ជាតិ ជឿជាក់ថារុស្ស៊ី កំពុងព្យាយាមលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុនេះ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតសាជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ការលើកឡើងខាងលើ ធ្វើឡើងនៅក្នុងការផ្ដល់សក្ខីកម្មបិទទ្វារមួយ ដឹកនាំដោយមន្ត្រីសន្តិសុខបោះឆ្នោតជាន់ខ្ពស់ លោកស្រី Shelby Pierson ទៅកាន់គណៈកម្មាធិការ ស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ហើយព័ត៌មាននេះ ត្រូវបានរាយការណ៍មុនគេដោយកាសែត New York Times។ ដោយឡែក បើតាមប្រភពពីមន្ត្រីម្នាក់ដឹងពីកិច្ចការនេះ ដែលប្រាប់ CNN ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោកស្រី Pierson បានបញ្ជាក់កំឡុងផ្ដល់សក្ខីកម្មថាការលូកលាន់ ចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ របស់រុស្ស៊ី គឺធ្វើឡើងតាមរយៈការវាយប្រហារព័ត៌មានវិទ្យា ឬ Hack, ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងការវាយប្រហារព័ត៌មានវិទ្យា លើហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតអាមេរិក។

លោកស្រី ក៏បានព្រមានដែរថា រុស្ស៊ីចង់ឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតសាជាថ្មី ប៉ុន្តែការជួយលោក ត្រាំ មិនមែនជាបំណងតែមួយគត់ដែលរុស្ស៊ី ចង់បាននោះទេ ពោលគឺ ទីក្រុងម៉ូស្គូ ចង់ឱ្យបង្កចលាចលដល់នីតិវិធី ឬប្រព័ន្ធបោះឆ្នោតអាមេរិកទាំងមូលតែម្ដង។ យ៉ាងណាក៏ដោយ ការចោទប្រកាន់របៀបនេះ ត្រូវបានលោក ដូណាល់ ត្រាំ និងរុស្ស៊ី បដិសេធជារឿយៗ។

គួរបញ្ជាក់ថា ក្រោយព័ត៌មានខាងលើត្រូវបានចុះផ្សាយ លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការផ្ដល់សក្ខីកម្មរបស់លោកស្រី Pierson ដោយព្រួយបារម្ភខ្លាចក្រែង គណបក្សប្រជាធិតេយ្យ នឹងប្រើប្រាស់ព័ត៌មានមួយនេះដើម្បីប្រឆាំងនឹងរូបលោក ហើយមិនតែប៉ុណ្ណោះ លោក ត្រាំ ផ្ទាល់កាលពីថ្ងៃពុធកន្លងទៅ ថែមទាំងបានតែងតាំងលោក Richard Grenell ដែលជាអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ ជានាយកទីភ្នាក់ស៊ើបការណ៍សំងាត់ជាតិស្ដីទីថ្មី ជំនួសលោក Joseph Maguire ទៀតផង៕
freshnews

Leave a Reply

Your email address will not be published.