សុំសរសើរហើយ!!! មិនខ្លាចទឹកស្អុយ ចុះកាយសំរាមក្នុងលូ នៅខេត្តសៀមរាប
សៀមរាប៖ បុគ្គលិកក្នុងក្រុមហ៊ុនមួយ នៅខេត្តសៀមរាប បាននាំគ្នាចុះកាយសំរាមកាកសំណល់ក្នុងលូទឹកស្អុយ ដែលផ្ទុកដោយមេរោគ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្ត ស្មារតី និងកាយវិការរបស់បុគ្គលិកក្រុមហ៊ុនម៉ាដាមឃ្លីន ដែលបានចូលរួមស្រឡាញ់ ការពារ និងថែករក្សាបរិស្ថាន ដែលនេះជាមូលដ្ឋានគ្រឹះនៃវប្បធម៌ចែករំលែក ចូលរួមសាមគ្គីជាកម្លាំង ដើម្បីអភិវឌ្ឍខេត្ត ក្រុងសៀមរាប។ លោកអភិបាល បានបន្តថា សំរាមជាកាកសំណល់ ផ្ទុកដោយមេរោគច្រើនប្រភេទ ចាំបាច់ត្រូវមានឧបករណ៍គ្រប់គ្រាន់សម្រាប់ប្រមូលសំណល់រឹង និងរាវនេះ។
លោកទៀត សីហា ក៏បានសំណូមពរ ដល់ម្ចាស់ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន ទាំងអស់ បន្តបើកទូលាយ និងស្វាគមន៍ការចូលរួមគ្រប់សកម្មភាពល្អៗ របស់ប្រជាពលរដ្ឋ។ នេះជាកត្តាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋ អាចធ្វើការងាររួមគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានចិត្តស្រឡាញ់បរិស្ថាន៕
ប្រភព៖ ទៀ សីហា អភិបាលខេត្តសៀមរាប