ច្រើនថ្ងៃផង!!! ថៃ ចង់បន្ថែមថ្ងៃឈប់សម្រាក នៅពិធីបុណ្យសង្ក្រាន្ត រហូតដល់៩ថ្ងៃ
ថៃ៖ រដ្ឋាភិបាលថៃ បានពិនិត្យលើការបន្ថែមថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យសង្ក្រាន្ត ដើម្បីជំរុញវិស័យទេសចរណ៍។ នេះបើយោងតាមសម្ដីរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។លោក ប្រាយុទ្ធ បានបញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីថៃ អាចនឹងបន្ថែមថ្ងៃឈប់សម្រាក ចំនួន ២ថ្ងៃទៀត ស្របពេលមានរយៈពេល ៧ថ្ងៃ។ យ៉ាងណាក៏ដោយ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។
ឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានស្នើឱ្យមានការបន្ថែមថ្ងៃឈប់សម្រាកពិធីបុណ្យសង្ក្រាន្ត ក្នុងឆ្នាំ២០២០នេះ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា។ លោកបន្តថា ការបន្ថែមថ្ងៃឈប់សម្រាកក្នុងឱកាសនេះ នឹងជំរុញការចាយវាយរបស់ភ្ញៀវទេសចរ បន្ទាប់ពីប្រទេសថៃ រងនូវការធ្លាក់ចុះយ៉ាងគំហុកនូវភ្ញៀវទេសចរមកពីប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ១៩។
លោកបន្ថែមថា បើគម្រោងនេះទៅរួច រដ្ឋាភិបាលថៃ អាចនឹងពិចារណាលើការកាត់បន្ថយថ្ងៃឈប់សម្រាក ២ថ្ងៃវិញ នៅឆមាសទី២ នៃឆ្នាំ២០២០។ សូមជម្រាបថា វិស័យទេសចរណ៍ បានរួមចំណែក ២០% នៃ GDP និងបង្កើតការងារជាង ២លានកន្លែង ក្នុងប្រទេសថៃ៕ប្រភព៖ Bangkok Post,mytvplus