ចែករំលែកដល់ក្មេងៗទាំងនោះបានដឹងផង កុំអោយភ្លើតភ្លើន!!! យុវជនមិនត្រូវយកកិត្តិយសភាពថ្លៃថ្នូររបស់ខ្លួននិងគ្រួសារ ទៅបំផ្លាញដោយការភាន់ច្រឡំចំពោះថ្ងៃ១៤កុម្ភៈទេ…

ភ្នំពេញ៖ យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ទិវានៃក្ដីស្រឡាញ់ ជិតឈានចូលមកដល់ហើយ បច្ចុប្បន្ន ទិវានេះ បាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្ដាលឱ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ដោយភ័ន្តច្រឡំ នាំឱ្យមារការប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់យុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតា ព្រមទាំងត្រូវសិក្សាស្វែងយល់ឱ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយ នៅទ្វីបអាស៊ីនេះ។

ក្រសួងបានបន្ថែមថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្ដីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នាដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពការជួបជុំ ពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នា ដោយសេចក្ដីសោមន្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ។

ក្រសួងអំពាវនាវ ដល់ មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *