ក្រសួងវប្បធម៌ នឹងហៅអ្នកចម្រៀងទាំងអស់ទៅអប់រំ ករណីកាឡៃចម្រៀងមរតកដើម
ភ្នំពេញ៖ ក្រោយហៅផលិតកម្មធំៗ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងហៅអ្នកចម្រៀងទាំងអស់ ទៅអប់រំណែនាំពីច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល។ ទោះបីមិនទាន់កំណត់ថ្ងៃជាក់លាក់ ប៉ុន្តែលោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានបញ្ជាក់ថា ក្រសួងកំពុងតែប្រជុំពិភាក្សាពីរឿងនេះ។នាពេលថ្មីៗនេះ បទចម្រៀងមរតកដើមដែលមានចំណងជើងថា “ព្រោះតែអូន” ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ត្រូវបានអ្នកចម្រៀងសម័យបច្ចុប្បន្នជាច្រើនរូប យកទៅច្រៀងឡើងវីញ ទាំងស្រីនិងប្រុស ដោយមិនបានសុំច្បាប់អនុញ្ញាត។
ចម្រៀង “ព្រោះតែអូន” ត្រូវបានអ្នកចម្រៀងស្រី២រូប យកទៅច្រៀងឡើងវិញ ដោយដាក់ចំណងជើងថា “ព្រោះតែបង” ដោយខ្លឹមសារទំនុកច្រៀងទាំងមូលរក្សាទុកដដែល ដោយដូរតែពាក្យបងទៅអូនតែប៉ុណ្ណោះ។ តាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រង់ចំណុចនេះ ខុសច្បាប់សីលធម៌របស់អ្នកនិពន្ធ បន្ថែមពីលើកំហុសមិនបានសុំច្បាប់អនុញ្ញាត។ ក្រៅពីបទខាងលើ នៅមានច្រើនករណីទៀត ដែលអ្នកចម្រៀងបច្ចុប្បន្ន បានយកបទចម្រៀងមរតកដើមទៅច្រៀងឡើងវិញ ឬកាឡៃទំនុកច្រៀង និងបទភ្លេង ក្នុងបំណងធ្វើអាជីវកម្ម ដោយមិនបានសុំច្បាប់អនុញ្ញាត។
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា បទ “ព្រោះតែអូន” ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។«ពេលនេះ យើងកំពុងប្រជុំពិភាក្សា ថាតើនឹងត្រូវធ្វើយ៉ាងណាចំពោះពួកគាត់? ទោះជាយ៉ាងណា ក្រសួងមានគម្រោងអញ្ជើញអ្នកចម្រៀង នៅសម័យឌីជីថលទាំងអស់ មកអប់រំណែនាំជាបន្តបន្ទាប់ ពីច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ឹម សត្តា។
លោក ស៊ឹម សត្តា បានពន្យល់លក្ខណៈផ្លូវច្បាប់ ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលថា ការគ្រប់គ្រងសិទ្ធិបេតិកភណ្ឌ អាចផ្ទេរទៅឱ្យទាយាទរបស់អ្នកនិពន្ធបាន ដោយមូលហេតុមណភាពរបស់អ្នកនិពន្ធ ដែលយោងតាមបទបញ្ញត្តិនៃមរតកសាសន៍។ ប៉ុន្តែក្នុងករណីមិនមានអ្នកទទួលមរតកសាសន៍ ឬមិនមានមរតកសាសន៍ គឺរដ្ឋដែលតំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកគ្រប់គ្រងលើសិទ្ធិទាំងនោះ។ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បន្ថែមទៀតថាបើទោះបីមិនមានបណ្ដាំមរតកក៏ពិតមែន ប៉ុន្តែបើសាច់ញាតិមានភស្ដុតាងគ្រប់គ្រាន់ នោះក្រសួងនឹងផ្ទេរសិទ្ធិកាន់កាប់បទចម្រៀងទាំងនោះ ឱ្យទៅសាច់ញាតិនោះ។
ជារួម បើសិនជាបទចម្រៀងណាមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោះបុគ្គលដែលយកបទចម្រៀងទាំងនោះទៅច្រៀង ចម្ដែង ផលិត ឬថតឡើងវិញ ត្រូវទៅសុំច្បាប់ពីក្រសួង។ ប៉ុន្តែបើបទចម្រៀងទាំងនោះ មានម្ចាស់កម្មសិទ្ធិ នោះបុគ្គលដែលយកបទចម្រៀងទាំងនោះទៅច្រៀង ចម្ដែង ផលិត ឬថតឡើងវិញ ត្រូវសុំសិទ្ធិពីម្ចាស់បទ ឬមានការព្រមព្រៀងពីម្ចាស់បទ។តែទោះជាយ៉ាងណាក៏ដោយ បើការយកបទចម្រៀងម្ចាស់ដើមទៅច្រៀងឡើងវិញ ដោយមិនដើម្បីស្វែងរកប្រាក់កម្រៃ ឬធ្វើពាណិជ្ជកម្ម មិនកែអ្វីទាំងអស់(បទភ្លេង ទំនុកច្រៀង) ឬដាក់ថា ចម្រៀងមរតកដើមនោះ គេអាចធ្វើទៅបានដោយមិនខុសច្បាប់ទេ ប៉ុន្តែអាស្រ័យលើការសម្រេចយល់ព្រមពីម្ចាស់សិទ្ធិដែរ។
សូមបញ្ជាក់ថា កន្លងមកក្រសួងបានផ្ទេរសិទ្ធិ កាន់កាប់បទចម្រៀងចំនួន១៣០បទ ឱ្យទៅលោក ស៊ីន សេដ្ឋកុល ដែលត្រូវជាចៅប្រុសរបស់លោកស៊ីន ស៊ីសាមុត។ ចម្រៀងចំនួន ៥៥បទ ឱ្យទៅភរិយាកវី គង្គ ប៊ុនឈឿន គឺអ្នកស្រី គាត គឹមលន។ ចម្រៀង ១បទ ឱ្យទៅអ្នកស្រី រស់ សាមឿន ដែលត្រូវជាបងស្រីរបស់អ្នកស្រី រស់ សេរីសុទ្ធា។ ចម្រៀង ៣០បទ ឱ្យទៅលោក ឯល ប៊ុនណា និង៦៥បទ ឱ្យទៅភរិយាកវី ស្វាយ សំអឿ គឺអ្នកស្រី ដុំ សំអូន (ឈ្មោះដើម ដុំ សុផានី)។លោក ស៊ឹម សត្តា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធនានា ក្នុងការបញ្ឈប់រាល់បទល្មើស ដែលទាក់ទងនឹងវិស័យសិល្បៈកម្ពុជា៕ប្រភព៖ thmeythmey.com