ឃាត់ខ្លួនអ្នកសុំទានមានឡានល្អតម្លៃរាប់ម៉ឺន!!!
បុរសម្នាក់ដែលបន្លំខ្លួនធ្វើជាពិការដើរសុំទានគេ សមត្ថកិច្ចថៃបានព្យាយាមស្រាវជ្រាវភ្លាមៗឈានទៅដល់ការឃាត់ខ្លួនដើម្បីសួរនាំ។ តាមពិត អ្នកសុំទានរូបនោះមិនពិការភ្នែកទេ ហើយថែមទាំងមានឡានល្អ មានផ្ទះ២ជាន់រស់នៅទៀតផង។អ្នកសុំទានពិការភ្នែកនៅផ្សារមួយនៃខេត្ត Nothaburi រូបនេះ ត្រូវបានគេលួចថតសកម្មភាព ពេលចុះពីរថយន្តម៉ាក Toyota Fortuner ដើម្បីធ្វើសកម្មភាពដើរសុំទានគេដូចសព្វមួយដង។ វីដេអូនេះត្រូវបានបង្ហោះឡើងដោយអ្នកលេងបណ្ដាញសង្គមម្នាក់ ហើយក៏ត្រូវគេចែកចេញយ៉ាងព្រោងព្រាត។
គេឃើញ បុរសចំណាស់ម្នាក់ ស្លៀកពាក់ខោអាវចាស់ មានកាន់ថង់មួយទុកដាក់លុយ។ បន្ទាប់មក អ្នកសុំទានរូបនោះ ក៏បានបង្ហាញខ្លួននៅក្នុងផ្សារ ដោយពាក់វ៉ែនតាខ្មៅដូចមនុស្សខ្វាក់ ដើម្បីដើរសុំលុយគេ។ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ប្រមូលព័ត៌មានមួយចំនួន ឈានទៅដល់ឃាត់ខ្លួន។អ្នកសុំទានរូបនោះ មានឈ្មោះ Somporn Kueyen អាយុ ៦៥ឆ្នាំ។ លោកមិនបានពិកាភ្នែកនោះទេ ហើយលោកបានរស់នៅជាមួយប្រពន្ធក្នុងផ្ទះ ២ជាន់នៅខេត្ត Nonthaburi។ ពួកគេមានកូន ២នាក់ ដោយម្នាក់កំពុងធ្វើការនៅបរទេស និងម្នាក់ទៀតជាគ្រូនៅសាកលវិទ្យាល័យ។
លោកធ្លាប់មានកសិដ្ឋានចិញ្ចឹមបង្គា និងលក់សាច់ជ្រូក ប៉ុន្តែដោយសារញៀនល្បែង ជំពាក់គេជុំទិស ជំនួញនោះក៏ដួលរលំទៅវិញ។ បន្ទាប់មក លោកក៏ចាប់ផ្ដើមចិញ្ចឹមមាន់ទៀត ប៉ុន្តែជំនួញក្រោយក៏បរាជ័យដូចគ្នា។លោកបានសុំកូនស្រី ដែលកំពុងធ្វើការនៅអាមេរិក ឱ្យផ្ញើលុយមក ១៥០០០បាត ដើម្បីដោះបំណុលគេ ប៉ុន្តែកូនស្រីមិនព្រម។ ដូចនេះ លោកមិនដឹងទៅរកលុយមកពីណា ក៏សម្រេចចិត្តជិះឡានទៅចតចោល រួចដើរសុំទានគេរហូតដល់ធ្លាប់តែម្ដង។
បើតាមចម្លើយសារភាព បានបញ្ជាក់ថា លោកអាចសុំបានចន្លោះពី ១០០ ទៅ ២០០បាត(ប្រមាណ ១៣០០០ ទៅ ២៦០០០រៀល) ក្នុងមួយថ្ងៃ។ ប៉ុន្តែជាក់ស្ដែងអាចលើសនេះ ព្រោះគេឃើញបុរសរូបនេះ ថែមទាំងច្រៀង ដើម្បីឱ្យគេអាណិតផងដែរ។ក្រោយសួរចម្លើយចប់ សមត្ថកិច្ចបានឱ្យបុរសចំណាស់រូបនេះធ្វើកិច្ចសន្យា ឈប់ដើរសុំទានទៀត ព្រមទាំងពិន័យជាប្រាក់មួយចំនួន។ ចំណែកលោក Somporn Kueyen ក៏បានសន្យាដែរថា ឈប់ដើរបោកប្រាស់សុំទានគេទៀតហើយ។
ប្រភពពី Angkorfresh