យល់យ៉ាងណាដែរបងប្អូន? គំរូប្លង់រង្វង់មូលទាំង ៣ ខេត្តព្រះសីហនុ!!!
ខេត្តព្រះរសីហនុ៖ ក្រោយពីគម្រោងសាងសង់ផ្លូវក្នុងក្រុង រយៈពេល ៨ ខែឱ្យរួចរាល់នោះ ក៏បានរំលេចចេញនូវរង្វង់មូលចំនួន ៣ ក្នុងខេត្ត ដែលមានភាពទាក់ទាញយ៉ាងខ្លាំង រួមមាន រង្វង់មូល សីហរាជមុខបី , រង្វល់មូលព្រះថោងនាងនាគ និង រង្វល់មូលព្រះសិវៈ ។ ទី១ សីហរាជមុខបី ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និង វិថីជោតញ្ញាណ ដែលមានរូបបដិមា ធ្វើពីលោហធាតុ មានកម្ពស់ ៩ ម៉ែត្រ តម្កល់លើបល្ល័ង្កកម្ពស់ ៥,៦៥០ ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥០ ម៉ែត្រ ជាចម្លាក់សិល្បៈបាយ័ន ដែលគេកម្របានជួបប្រទះ ។
សីហរាជមុខបី ជានិមិត្តរូបនៃក្រុងព្រះសីហនុ និង ជាការគោរពដឹងគុណគុណូបការ ចំពោះព្រះករុណា ព្រះបរមរតនៈកោដ្ឋ ដែលព្រះអង្គមានព្រះនាមថា សម្តេចព្រះនរោត្តម សីហនុ និង តំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និង សុខុដុមនីយកម្មក្នុងគ្រួសារ និង សង្គម។ ទី២ រង្វល់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ ។
ព្រះថោងនាងនាគ បែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ។ ទី៣ រង្វល់មូលព្រះសិវៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម ។
បដិមាព្រះសិវៈ និង ព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥០ ម៉ែត្រ ដែលមានកម្ពស់សរុប ១៥,១៥០ ម៉ែត្រ ជានិមិត្តរូបនៃការបង្កើតលោក និង តំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និង សុខុដុមនីយកម្មក្នុងគ្រួសារ និង សង្គម ៕
ប្រភពពី ប្រជាប្រិយ