សូមបងប្អូនកុំព្រួយបារម្ហអី!!!​ រដ្ឋមន្ត្រី​សុខាភិបាល​អះអាងថា​គិត​ត្រឹម​ថ្ងៃ​២៩​មករា​កម្ពុជា​មិនមាន​ករណី​ថ្មី​ ចំពោះមេរោគ​កូ​រ៉ូ​ណា​ទេ​

ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ដំណឹង​មិន​ពិត​នៅតាម​បណ្តាញ​សង្គម​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នោះ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ថា​៖«​រហូតមកដល់​ពេលនេះ​កម្ពុជា​ទើបនឹង​មាន​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា ១​ករណី​តែប៉ុណ្ណោះ មិនមាន​ករណី​ថ្មី​មេរោគ​កូ​រ៉ូ​ណា​នោះទេ »​។​

​សូមជម្រាបថា​មេរោគ​នេះ​ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជនជាតិ​ចិន​ម្នាក់​អាយុ​៦០​ឆ្នាំ​ដែល​ធ្វើដំណើរ​ពី​ក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ចូល​មកដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ ជនជាតិ​ចិន​រូប​នោះមក​ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត​ប៉ុន្តែ​ក្រុមគ្រួសារ​របស់គាត់​រហូត​មកដល់ពេលនេះ ពុំទាន់​រកឃើញថា​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះឡើយ​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ច្រានចោល​នូវ​ការចុះ​ផ្សព្វផ្សាយ​ពត៌មាន​ដែលថា មាន​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី​២​ករណី​នៅលើ​ខ្លួន​ជនជាតិ​ចិន​២​នាក់ ក្នុង​ទឹកដី​ខេត្តកោះកុង​ផងដែរ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​ក៏​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើសការពិត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​។​

​គេ​សង្កេតឃើញថា​ក្រោយ​ការអំពាវនាវ​នេះ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកោះកុង​បាន​នាំខ្លួន​យុវជន​ម្នាក់​យកទៅ​ធើ្វ​កិច្ចសន្យា​និង​អប់រំ​ណែនាំ​ក្រោយ​បុរស​រូបនេះ​បាន​បង្ហោះ​សារ​មិន​ពិត​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​មាន​ជនជាតិ​ចិន​២​នាក់​បាន​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​ពួកគេ​ទៅលេង​កម្សាន្ត នៅក្នុង​ខេត្តកោះកុង​។​​រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ជនជាតិ​ចិន​ចំនួន ២​នាក់ ដែល​បាន​ស្នាក់​នៅក្នុង​ខេត្តកោះកុង ពុំមាន​ផ្ទុកមេរោគ​ថ្មី​កូ​រ៉ូ​ណា​នោះទេ ហើយ​ពេលនេះ​ពួកគេ​បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។​

•​មន្ទីរពេទ្យ​រុស្ស៊ី​ច្រានចោល​ពត៌មាន​ដែលថា​មាន​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ទៅ​ព្យាបាល​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​មានការ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​មាន​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់វិធានការ​ចំពោះ​អ្នក​អ្នក​ប្រឌិត​ព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម​ថា​ម្តង​នៅ​ខេត្ត​នេះ​ម្តង​នៅ​ខេត្ត​នោះ​បណ្តាលឱ្យ​ការ​ច្រួលច្របល់​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​ប្រធាន​មន្ទីរ​ពេទ្យរុស្ស៊ី​និង​លោក​អភិបាលខណ្ឌ​បឹង​កេងកង​នៅវេលា​ថ្ងៃត្រង់​ទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​បញ្ជាក់ថា មិនមាន​ករណី​អ្នកជំងឺ​កូ​រ៉ូ​ណា នៅក្នុង​មន្ទីរពេទ្យ​រុ​ស្ស៉ី​នោះទេ​ពោលគឺ​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះឡើយ​។​ដោយឡែក​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ឱ្យដឹងថា រហូតមកដល់​ពេលនេះ ពុំទាន់​រកឃើញ​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅក្នុង​មន្ទីរពេទ្យ​រុ​ស្ស៉ី​ក៏ដូចជា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ដូច​ពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម​នោះឡើយ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អះអាងថា​អ្នកជំងឺ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​បន្ត​មាន​សុខភាព​ល្អ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​អ្វី​ទេ​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានឱ្យដឹងថា​៖​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​នេះ​ស្ថានភាព​អ្នកជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី អ្នកជំងឺ​បន្ត​មាន​សុខ​ភាពល្អ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​អ្វី​ទេ ។

អ្នក​ប៉ះពាល់​ដទៃទៀត និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​រហូត​ពេលនេះ​អ្នក​ទាំងនោះ​ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅឡើយ​ដែរ ។​លោក​បាន​បន្តថា​៖​មន្ត្រី​ជំនាញ​នឹង​បន្ត​តាមដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ​ហើយ​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​ក៏​គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ​និង​គ្រប់​គ្រូពេទ្យ​បំរើការ​នៅ​មន្ទីរពេទ្យក្រុង​ព្រះសីហនុ​កំពុង​បំរើ​ការងារ​ក្នុង​មន្ទីរពេទ្យ​ជាធម្មតា​។​រហូត​ពេលនេះ​ពុំទាន់​រកឃើញ​ករណី​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ថ្មី​ទៀត​ទេ ។​​

ទាក់ទង​នឹង​ការទប់ស្កាត់​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​លោក​វេជ្ជបណ្ឌិត​លី​សុវណ្ណ​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្រសួងសុខាភិបាល​តែងតែ​ទប់ស្កាត់​រាល់​ជំងឺ​រាតត្បាត​ធំៗ​ជាច្រើន​កន្លងមក​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ដោយ​មិនឱ្យ​ឆ្លង​ជំងឺ​ទៅកាន់​អ្នកដទៃ​ឡើយ​ជាពិសេស​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​នេះ​គឺ​ក្រសួងសុខាភិបាល​បាន​ត្រៀមលក្ខណៈ​រូ​ច​ជាស្រេច​ចំពោះ​ការឆ្លើយតប​ពី​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

​លោក​បាន​បញ្ជាក់ថា​៖​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កំពុងតែ​ទទួលបាន​ការ​រើ​ក​ចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយមាន​ការផ្លាស់ប្តូរ​នៃ​បច្ចេកទេស​ព្យាបាល​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ប្រឆាំង​និង​ជំងឺ​កាច​សាហាវ​ធំៗ​ប្រ​ដោយ​គុណភាព​និង​ប្រសិទ្ធភាព​។​ចំពោះ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ជំងឺ​រលាក​សួង​ប្រភេទ​ថ្មី​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នេះ​វា​មិនមែនជា​អ្វី​ថ្មី​សម្រាប់​ក្រសួងសុខាភិបាល​ទេ​យើង​ធ្លាប់​ប្រឈម​ជាមួយ​ជំងឺ​រាល​ត្បា​ត​ធំៗ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​ដូចជា​ជំងឺសារ​កាលពី​ឆ្នាំ​២០០៣​យើង​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ជំងឺ​ផ្តាស​សាយ​បក្សី​២០០៥​រហូតដល់​២០១៥។​តែ​បច្ចុប្បន្ននេះ​គ្មាន​ជំងឺ​នេះ​ទៀត​ទេ​នេះ​ជា​សមត្ថភាព​របស់​យើង​ដែល​យើង​មាន​បទពិសោទ​ធ​ន៏​យើង​បាន​ទប់ស្កាត់​ទាន់ពេលវេលា​មិន​បណ្តាលអោយ​ករណីនេះ​កើនឡើង​និង បន្ត​រាតត្បាត​ក្នុងប្រទេស​យើង​”៕S/

​ចំណងជើង​រូបថត​៖​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ថា​៖«​រហូតមកដល់​ពេលនេះ​កម្ពុជា​ទើបនឹង​មាន​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា ១​ករណី​តែប៉ុណ្ណោះ មិនមាន​ករណី​ថ្មី​មេរោគ​កូ​រ៉ូ​ណា​នោះទេ​។​

ប្រភព៖rasmeinews

Leave a Reply

Your email address will not be published. Required fields are marked *