ល្អពេកហើយ!!! ជប៉ុនមកជួយប្រព័ន្ធធារាសាស្ត្រកម្ពុជា អាចឲ្យធ្វើស្រែ ៣ដងក្នុង១ឆ្នាំ

នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ព ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង បានចូលរួមដំណើរជាមួយលោក SuzukiHiroshi អគ្គនាយក JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានក្រុមបេសកកម្មស្វែងរកការពិត (Fact Finding Mission) លោក Kotaro Tanaka អនុប្រធាន JICA ប្រចាំកម្ពុជា និងមន្រ្តីជំនាញ បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក សំរោងទង ក្រុងច្បារមន និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីសម្រេចលើការស្នើសុំអនុវត្តន៍ការសាងសង់នូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះ។

សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការជួសជុល និងសាងសង់ ហើយក្រោយការសាងសង់រួច គម្រោងទាំងពីរនេះ នឹងអាចផ្តល់ទឹកធ្វើស្រែ បាន ០៣ ដង ក្នុង០១ឆ្នាំ ក្នុងនោះ ស្រូវបង្កើនរដូវវស្សាបានចំនួន ១២០០ហិកតា ស្រូវរដូវវស្សា បានចំនួន ២២០១ហិកតា និងស្រូវប្រាំងបានចំនួន ៤០០ហិកតា សម្រាប់ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង និងធ្វើស្រែបាន ០២ដង ក្នុង ០១ឆ្នាំ ក្នុងនោះស្រូវវស្សា បានចំនួន ១៦៩១០ហិកតា និងស្រូវប្រាំងបានចំនួន ១៥០០ហិកតា សម្រាប់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ ។

ក្រោយពីបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ទាំង០២ នេះ រួចមក លោក Suzuki Hiroshi និងលោក Kotaro Tanaka បានទទួលស្គាល់នូវសារៈសំខាន់ និងភាពចាំបាច់ក្នុងការជួសជុល និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះ ដោយលើកយកសំណើសុំសាងសង់នេះ ទៅពិភាក្សាលម្អិតជាមួយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ មុននឹងសម្រេចលើការស្នើសុំសាងសង់ខាងលើនេះ ៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

Leave a Reply

Your email address will not be published. Required fields are marked *