តើគួរអុជប៉ុន្មានសរសៃរ! តោះមកដឹងអំពីចំនួនសរសៃរធូបដែលត្រូវអុជព្រោះវាមិនមែនចេះតែអុជអោយតែបានទេ… (មានវីដេអូ)
តាមការពិតទៅការអុជធូប អុជទាន មិនមែនជាប្រពៃណីក្នុងព្រះពុទ្ធសាសនានោះ គឺជាការជះឥទ្ធិពលពីព្រហ្មសាសនា ហើយត្រូវបានប្រជាជនខ្មែរជាសានិកជនធ្វើតាមគ្នាតាំងពីដើមរៀងមក ។ តាមព្រះពុទ្ធសាសនាគ្មានប្រើទៀន ធូប ឡើយ គឺមានតែការថ្វាយផ្កា ដូចជាផ្កាឈូក ។ យ៉ាងណាក្ដីវប្បធម៌ ក្នុងការប្រើទាន ធូប ក្នុងពិធីបុណ្យប្រពៃណីផ្សេងៗបានចាក់ឬសយ៉ាងជ្រៅ ក្នុងផ្នត់គំនិតប្រជាជនខ្មែរទៅហើយ តើការអុជធូប ៣ សរសៃ ឬ ៥ សរសៃមានអត្ថន័យយ៉ាងដូចម្ដេច ?
ការអុជធូប២សរសៃ តំណាងឲ្យគុណមាតាបិតា ។ការអុជធូប១សរសៃ តំណាងឲ្យការរំឭកគុណគ្រូ និងតួខ្លួន ។
ការអុជធូប៣សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ ។
ការអុជធូប៤សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់) ។
ការអុជធូប៥សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ(មាន់) ព្រះកោនាគមនោ(នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា) ។
ការអុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
ការអុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ ។
ការអុជធូប១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ។
ការអុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
ការអុជធូប២១សរសៃ គឺបូជាគុណឪពុក ។
ការអុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ៕