តោះមកដឹងអត្ថន័យនៃមុខម្ហូប និងផ្លែឈើដែលត្រូវមានក្នុងថ្ងៃបុណ្យចូលឆ្នាំចិន…
សង្គម៖ ស្របពេលដែលថ្ងៃបុណ្យចូលឆ្នាំចិន កាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានសែស្រឡាយកាត់ចិន កំពុងតែមានភាពមមាញឹកនឹងការរៀបចំផ្ទះសម្បែង និងត្រៀមឥវ៉ាន់សម្រាប់ថ្ងៃសែន។ ជាក់ស្តែងសម្រាប់មុខម្ហូបក៏ដូចជាផ្លែឈើដែលត្រូវរៀបចំទាំងប៉ុន្មានគឺសុទ្ធសឹងតែមានន័យទាំងអស់ព្រោះក្រៅពីឈុតសាស៊ែរសំខាន់បំផុតដែលមានដូចជាមាន់ស្ងោរ ស៊ុតស្ងោរ សាច់ជ្រូក៣ជាន់ និងយេហ៊ឺហើយ មុខម្ហូបដទៃទៀតមានន័យដូចជា៖
-មាន់ សំដៅលើភាពស្រស់ស្អាត មាំមួនល្អ និងរីកចម្រើននៅក្នុងការងារ ។ -ទា មានភាពបរិសុទ្ធ និងសមត្ថភាពយ៉ាងច្រើន ។ -ត្រី សំដៅលើការមានទ្រព្យសំបូរហូរហៀរ ។ -ជ្រូក មានទ្រព្យស្ដុកស្ដម្ភ ។ -ត្រីមឹក មានភាពសំបូរសប្បាយ ។ -មីសួ សំដៅលើការមានអាយុវែង ។ -គ្រាប់ឈូក សំដៅលើការមានកូនចៅច្រើន ។
ពលរដ្ឋចិន និយមពិសាតៅហ៊ូ ប៉ុន្តែមិនគួរយកមកសែនទេ ព្រោះពណ៌ស សម្រាប់ជនជាតិចិន ជាពណ៌សោកសៅ ម្ហូបហឹរ ល្វីង និងមានបន្លានឹងធ្វើឱ្យជីវិតមានឧបសគ្គ និងមិនជ្រះស្រឡះល្អ ។
ក្រៅពីមុខម្ហូបទាំងនោះហើយក៏ត្រូវមាននំចំណី និងផ្លែឈើប៉ុន្មានមុខដូចជា៖
– ផ្លែប៉ម គឺមានន័យថាសន្តិភាព – ម្នាស់ មានន័យថាសំណាងល្អ – ចេក និងផ្លែក្រូច មានន័យថា មានលាភសំណាង – ទំពាំងបាយជូ គឺការកើនឡើងភាពស្តុកស្តម្ភក្នុងគ្រួសារ – បង្អែម ឬ នំពងមាន់ តំណាងឱ្យភាពផ្អែមល្ហែម ភាពរលូន ឬ ភាពចម្រុងចម្រើន
ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែក្រូចត្រូវបានចាត់ទុកថា ជាផ្លែឈើដែលអាចនាំលាភសំណាង និងមិនអាចខ្វះបាន បន្ថែមពីនេះផងដែរ ប្រជាជនចិនបានរៀបចំក្រដាសមាស-ប្រាក់ ដើម្បីដុតជូនជីដូនជីតា ដែលបានចែកឋានទៅ ព្រោះក្រដាសសែន ត្រូវបានចាត់ទុកថា ជាប្រាក់ខ្មោចដែលអាចផ្ញើឱ្យជីដូនជីតា ដែលបានចែកឋានតាមរយៈការដុតឧទ្ទិសដល់ពួកគាត់។
មួយវិញទៀតជនជាតិចិន ក៏មិនភ្លេចក្រដាសបិទនៅមាត់ទ្វារផ្ទះផងដែរ ជាមួយនឹងពាក្យ “Peng An” ជាភាសាចិនមានន័យថា “សុខសប្បាយ”៕
ប្រភព៖ mytvplus