ជួយគាំទ្រ ស្នាដៃកូនខ្មែរផង!!! ចម្លាក់សិល្បៈវប្បធម៌ខ្មែរមួយ ដែលត្រូវបានកូនខ្មែរ ចម្លាក់ចេញជារូបរាងយ៉ាងប្រណិត
ភ្នំពេញៈ៖ ចាប់តាំងពីបានបណ្តុះបណ្តាលបន្ថែម ២ ឆ្នាំ ឲ្យដឹងពីប្រភេទនៃចម្លាក់សិល្បៈវប្បធម៌ខ្មែរមកនោះ ក៏បន្ថែមភាពច្បាស់លាស់មួយកម្រិតទៀតទៅលើជំនាញជាងចម្លាក់ឈើ ដែលធ្លាប់តែចេះតពីគ្រូក្រៅសាលាជិត ១០ ឆ្នាំ មុន របស់លោក ប៊ន សុភាព និងមានអ្នកគាំទ្រច្រើនឡើងៗទាំងនៅក្នុង និងក្រៅប្រទេស។
លោក ប៊ន សុភាព វ័យ ២៧ ឆ្នាំ ដែលមានស្រុកកំណើតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងមានឈាមជ័យសិល្បៈជាងឈើបន្តពីឪពុក ដែលធ្លាប់ជាជាងធ្វើរទេះគោ ឈ្មោះ វ៉ាត់ ប៊ន នោះ ក៏ជំរុញឲ្យការចូលចិត្តនូវសិល្បៈចម្លាក់ឈើរបស់លោកកាន់តែខ្លាំង និងមានភាពស្ទាត់ជំនាញ ប្រកបដោយប្រណីតភាពនៃសិល្បៈចម្លាក់ប្រភេទនេះ ។
លោក ប៊ន សុភាព រៀបរាប់ពីប្រវត្តិនៃការរៀនជំនាញចម្លាក់ក្រៅសាលា និងក្រោយពីបានចូលរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងវប្បធម៌ កាលពី ២ ឆ្នាំមុនថា៖ «ខ្ញុំធ្លាប់ធ្វើការជាងចម្លាក់ឈើតាំងពីឆ្នាំ២០០៩ និងបានចូលរៀនវគ្គបវណ្តុះបណ្តាលចម្លាក់វប្បធម៌រយៈពេល ២ ឆ្នាំ (ឆ្នាំ២០១៦-២០១៨)។
អ្វីដែលជួយឲ្យខ្ញុំមានការទទួលស្គាល់ពីស្នាដៃចម្លាក់ឈើនេះគឺនៅពេលខ្ញុំបានបង្កើតស្នាដៃចម្លាក់ឈើមួយគឺរូបក្រាដាសប្រាក់រៀលខ្មែរ ជាសន្លឹកក្រដាស ១ សែន រៀល។ ក្រោយមកទៀត រាល់ស្នាដៃចម្លាក់ឈើរបស់ខ្ញុំ ក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រ និងបានអនុញ្ញាតិឲ្យខ្ញុំបានចូលរួមនៅក្នុងកម្មវិធីបង្ហាញស្នាដៃចម្លាក់ឈើលក្ខណៈអន្តរជាតិមាន ១៦០ ប្រទេសចូលរួមនៅខេត្តសៀមរាប ដោយកម្មវិធីនោះឈ្មោះថា World Wood Day»។
ក្រៅពីនេះ គេក៏បានប្រទះឃើញស្នាដៃចម្លាក់ឈើផ្សេងៗទៀតរបស់លោក ដែលកំពុងតែពេញនិយមផងដែរ គឺចម្លាក់រូបប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ពុទ្ធរូប អប្សរា រូបក្បាលសត្វគោព្រៃ ក្របី ទន្សោង ក្តាន់ រម៉ាំង និងរូបទេសភាពជាដើម ខណៈក្រុមចម្លាក់ឈើលោក ប៊ន សុភាព មិនបានឆ្លាក់ដាក់លក់ឡើយគឺគ្រាន់តែទទួលសេវាកម្មឆ្លាក់រូប និងយកកម្រៃឈ្មួលប៉ុណ្ណោះ។
លោក ប៊ន សុភាព បានប្រាប់ថា៖ «ខ្ញុំមិនបានបង្កើតអាជីវកម្មដាក់លក់ឡើយ គ្រាន់តែទទួលការកម្ម៉ងឆ្លាក់តាមតម្រូវការរបស់អតិថិជន និងយកតែថ្លៃឈ្មួលឆ្លាក់តែប៉ុណ្ណោះ។ ចំពោះថ្លៃឈ្មួលចម្លាក់ឈើនេះ គិតជាទំហំម៉ែត្រការ៉េ គឺ ១ ម៉ែត្រការ៉េ តម្លៃ ១០០០ ដុល្លារ និងប្រើពេលយូររាប់ខែ។ ដូចជាចម្លាក់ ដែលមានឈើទំហំ មុខកាត់ទទឹង ១ ម៉ែត្រ គុណ និងបណ្តោយ ៣ ម៉ែត្រ នោះ ត្រូវប្រើពេល ២-៣ ខែ ឯណោះ។
ក្រៅពីមានការគាំទ្រពីសំណាក់ភ្ញៀវខ្មែរ ដែលមានឋានៈខ្ពស់ក្នុងប្រទេសកម្ម៉ង់ឲ្យឆ្លាក់តាមចំណូលចិត្តខ្លួននោះ ស្នាដៃចម្លាក់ឈើរបស់លោក ប៊ន សុភាព ក៏ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវបរទេសនានាផងដែរដូចជាប្រទេសចិន អាមេរិក បារាំង និងកូរ៉េខាងត្បូង។ ប្រសិនបើត្រូវការសេវាកម្មជួលក្រុមជាងចម្លាក់ឈើរបស់កូនខ្មែរនៃក្រុមលោក ប៊ន សុភាព នោះអាចទំនាក់ទំនងផ្ទាល់បានជាមួយលេខទូរសព្ទ 086 45 99 97/ 087 64 00 66 ៕