បច្ចេកទេសចិញ្ចឹមត្រីដំរីក្នុងស្រះងាយៗ ចាយពេលតិច បានផលច្រើន!!!
១.របៀបរៀបចំស្រះសម្រាប់ចិញ្ចឹម៖ កន្លែងចិញ្ចឹមត្រី ត្រូវជ្រើសរើសនៅទីវាលស្រឡះ មិនលិចទឹកនៅរដូវវស្សា និងនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែរក្សាទំហំស្រះទៅតាមចំណង់ចំណូលចិត្ដរបស់លោកអ្នក។ ឬជីករណ្តៅចិញ្ចឹមត្រី ទំហំ ២,៨ ម៉ែត្រ x ១,៦ម៉ែត្រ និងជម្រៅ ៧០ សង់ទីម៉ែត្រ រណ្តៅជីកឱ្យមានជើងទេរ ដើម្បីកុំឱ្យបាក់ដី ក្រាលកៅស៊ូបា្លស្ទិកក្នុងរណ្តៅ រួចដាក់ភក់ កម្រាស់ ១០ សង់ទីម៉ែត្រ ត្រូវបញ្ចូលទឹកឱ្យពេញក្នុងរណ្តៅ ឬស្រះ ដាក់សំបកកង់ឡានចាស់ៗក្នុងរណ្តៅចំនួន ១គូ ដើម្បីធ្វើជាជម្រកឱ្យត្រី។
២.ការជ្រើសរើសពូជត្រី៖ ត្រូវជ្រើសរើសកូនត្រីដែលមិនត្រូវមានស្នាមដាច់រលាត់ ឬរបក ស្រកា និងគ្មានជំងឺ ឬដំបៅលើដងខ្លួន
ជ្រើសរើសទិញកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទដោយឧបករណ៍ផ្សេងៗ
៣.តង់ស៊ីតង់ចិញ្ចឹមកូនត្រីដែលដាក់ចិញ្ចឹមមានទំហំប៉ុនមេជើងមនុស្សចាស់។
៤.របៀបផ្ដល់ចំណី៖ ចំណីរបស់ត្រីដំរី មានដូចជា កន្ទក់ម៉ដ្ឋលាយជាមួយបាយ កំពិស កណ្តៀរ(តែចំណីដំបូងគឺ កណ្តៀរ និងកំពឹសរស់)។
ចំណីស្រស់ដូចជា កំពឹស គឺលែងក្នុងរណ្តៅចិញ្ចឹមត្រីតែម្តងចំណីផ្សំមានដូចជាបាយ ៣០ ភាគរយ បុកជាមួយកន្ទក់ម៉ដ្ឋ ៧០ភាគរយ ហើយពូតជាដុំប៉ុនផ្លែខ្វិត ដាក់ឲ្យត្រីស៊ី ២ដុំ ក្នុង១ថ្ងៃ ដាក់ឱ្យស៊ីជារៀងរាល់ថ្ងៃ ។បន្ទាប់ពីពូតដុំ ចំណី បាយនិងកន្ទក់ អាចដាក់រាយក្នុងកញ្រ្ចែងពន្លិចក្នុងទឹកឱ្យត្រីស៊ី ។នៅពេលដាក់ចំណី គួររៀបចំគោះចានជាសំឡេង ឱ្យត្រីចំណាំសំឡេង ដើម្បីឱ្យវាចេញមកស៊ីចំណី
៥.បៀបថែទាំ៖ ត្រូវផ្លាស់ប្តូរទឹក ១ដង ក្នុងមួយអាទិត្យ ដោយយកទឹកចាស់ចេញ ៣០ ភាគរយ ហើយថែមទឹកថ្មី ៣០ ភាគរយវិញ។ គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរនេះ ត្រូវធ្វើនៅក្នុងខែប្រាំង។ពិនិត្យជុំវិញកន្លែងរណ្តៅ ក្រែងមានកណ្តុរកាយរូងនៅមាត់រណ្តៅ និងក្រែងមានពស់ចូលស៊ីត្រី មិនត្រូវផ្លាស់ប្តូរសំបកកង់ឡាន ដែលដាក់ធ្វើជាជម្រកត្រី នៅក្នុងរណ្តៅនោះទេ ព្រោះវារំខានដល់ត្រី។
៦.ការប្រមូលផល៖ក្រោយចិញ្ចឹមត្រីដំរីបានប្រមាណជា ៥ខែ ត្រីដំរីអាចលូតលាស់លឿនពី ៣០០ក្រាម ទៅ ៦០០ ក្រាម ក្នុងមួយក្បាល។ ដូច្នេះលោកអ្នកប្រមូលបានហើយ៕
ប្រភពពី business-cambodia