គាំទ្រអត់បងប្អូន!!! ប្រើស្លឹកឈូកវេចខ្ចប់អាហារ ជំនួសប្រអប់ស្នោនៅខេត្តសៀមរាប
សៀមរាប៖ ស្លឹកឈូក កំពុងជំនួសតួនាទីរបស់ប្រអប់ស្នោ និងថង់ប្លាស្ទិកវិញម្តង ក្នុងការវេចខ្ចប់អាហារ នៅក្នុងភោជនីយដ្ឋាន សួនមេអំបៅ នៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះ បានទទួលការគាំទ្រពីក្រុមអ្នកស្រឡាញ់បរិស្ថាន។ លោក ដុក ឌេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយខែភោជនីយដ្ឋានរបស់លោក ទទួលការកម្ម៉ង់ការវេចខ្ចប់អាហារដោយប្រើស្លឹកឈូកពីអតិថិជន ប្រមាណ១ពាន់កញ្ចប់។
លោក ដុក ឌេត បញ្ជាក់ទៀតថា នេះជាគោលការណ៍ដែលភោជនីយដ្ឋានលោកប្រកាន់យក ដើម្បីរួមចំណែកថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ម្ចាស់ភោជនីយដ្ឋាននេះ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មដទៃទៀត គិតគូរអនុវត្តន៍ដូចនេះដែរ។
ក្រៅពីមានការរៀបចំបែបខ្មែរ និងគិតគូរពីសុខភាព បរិស្ថាន ភោជនីយដ្ឋានដែលបើកដំណើរការអស់ ១៤ឆ្នាំមកហើយនេះ ក៏រៀបចំបរិស្ថាននៅភោជនីយដ្ឋាន ឲ្យស្រស់បំព្រងផងដែរ ដោយការដាំដើមឈើចម្រុះ និងហ៊ុមព័ទ្ធដោយសំណាញ់ចិញ្ចឹមសត្វមេអំបៅ គួរឱ្យទាក់ទាញ៕
ប្រភពពីថ្មីៗ