គាំទ្រ!!! តំបន់សសរថ្មដែលមានកាលអាយុរាប់លានឆ្នាំ នៅមណ្ឌលគិរី គ្រោងនឹងដាក់ជាតំបន់ការពារ
មណ្ឌលគិរី ៖ បន្ទាប់ពីក្រុមការងារចម្រុះចុះសិក្សាជំហានដំបូង កាលពីថ្ងៃទី១០ និង១១ មករាកន្លងទៅ លទ្ធផល នៃការសិក្សាប្រភេទថ្ម គឺបានបង្ហាញថា ជា ថ្មបាសាល់ សេសសល់ពីកម្អែលភ្នំភ្លើង មានអាយុកាលដល់ទៅរាប់លានឆ្នាំ ឯណោះ។
លោក លឿង កេសារោ មន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមករា បានបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវលើសសរថ្ម នៅខេត្តមណ្ឌលគិរីថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចំបង្កើតជាតំ បន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ» ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់។
លោក បន្ថែមថា ទីតាំងនោះក្រុមការងារបានពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំង ស្ថិតនៅភូមិលេខ៥(ភូមិឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់របៀងអភិរក្សជីវចម្រុះខេត្តមណ្ឌលគិរី។ តាមការសិក្សាជំហានដំបូងឱ្យដឹងថា សសរថ្មនេះ មានអាយុកាលរាប់ពាន់ឆ្នាំ។ ហើយថ្មមានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់៦០សង់ទីម៉ែត្រ និងប្រវែងរហូតដល់២ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នារាងដូចប្រាសាទ។
កាលពីថ្ងៃទី១១ខែមករា លោក សី ទួច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី ក៏បានចុះទៅសិក្សានៅទីតាំងនោះដែរ។ តាមការសន្និដ្ឋានរបស់លោកប្រធានមន្ទីរវប្បធម៌ឱ្យដឹងថា ថ្មទាំងនោះបានសេសសល់ពីកម្អែលភ្នំភ្លើងដែលចុះត្រជាក់ ក្រោយការផ្ទុះកាលពីរាប់លានឆ្នាំមុន។
លោក បន្ថែមថា តាមការសួរនាំពីសហគមន៍និងចាស់ទុំក្នុងភូមិឡាំមេះ ឱ្យដឹងថា ទីតាំងនេះជាព្រៃដំណម ដែលមិនសូវមានអ្នកហ៊ានចូលឡើយ។ ទីតាំងនេះ ជាមរតកធម្មជាតិ ខាងមន្ទីរ និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការអភិរក្សទីនោះ។ លោក គ្រើង តុលា ជាសមាជិកសហគមន៍ជនជាតិដើមក្នុងខេត្តមណ្ឌលគិរី ក៏ធ្លាប់លឺរឿងដំណាលពីចាស់ទុំ លើបារមីដ៏ស័ក្ដិសិទ្ធិ នៅទីតាំងសសរថ្មនោះដែរ៕
ប្រភព៖ bayontv