តស៊ូខ្លាំងមែន!! ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា ព្រោះតែការមើលងាយ សូម្បីតែឈរមើលគេដាក់តាំងគ្រឿងមាស ពេជ្រ ម៉ាភ្លែតសោះ ក៏គេដេញចេញដែរ តាំងពីពេលនោះមកខំប្រឹងរហូត ក្លាយជាថៅកែលក់ពេជ្រដ៍ធំក្នុងប្រទេសកម្ពុជា…
បេីនិយាយពីបងស្រី ទ្រី ដាណា ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។ ដោយឡែក នៅមុននេះបន្តិច ថៅកែពេជ្រដ៏មានចិត្តធម៌រូបនេះ បានទម្លាយប្រវត្តិដ៏សែនជូរចត់របស់ខ្លួន ដែលធ្លាប់ត្រូវគេប្រមាថ មើលងាយ រហូតទទួលបានជោគជ័យ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«ក្ដីស្រមៃដ៏ធំរបស់ខ្ញុំ ពេលនេះបានសម្រេចហើយ ក៏ព្រោះតែការមើលងាយ និងពាក្យមួយឃ្លាដែលខ្ញុំចាំមិនភ្លេចតាំងពីតូចមក។ នៅចាំបានថា កាលនៅក្មេងៗ ខ្ញុំលក់ឥវ៉ាន់នៅតាមផ្សារ ខ្ញុំឃើញគេពាក់មាស ពេជ្រ ខ្ញុំពិតជាស្រលាញ់ណាស់ ហើយសង្ឃឹមថាថ្ងៃណាមួយ អាចមានរបស់ទាំងអស់នេះពាក់លើខ្លួនដូចគេដែរ។ នៅចាំបានថ្ងៃមួយនោះ ពេលចេញពីលក់ឥវ៉ាន់មក ខ្ញុំទៅឈរសម្លឹងទូដែលគេដាក់តាំងគ្រឿងមាស ពេជ្រ នៅម្ដុំផ្សារព្រែកព្នៅនេះ ព្រោះគ្រាន់តែឃើញក៏សប្បាយចិត្តដែរ។
ហេតុតែយើងក្រ គ្រាន់តែឈរមើលបានម៉ាភ្លែតសោះ ស្រាប់តែម្ចាស់ហាងគេ ចេញមកដេញខ្ញុំ ព្រោះឃើញខ្ញុំខោមិនខោ អាវមិនអាវ។ ម្ចាស់ស្រីមាត់ឆៅនោះ គាត់និយាយដាក់ខ្ញុំថា៖ “លក់ដូរមិនទៅលក់ មកមើលហ្នឹងមានលុយណាទិញ ថ្លៃៗណាស់ កុំនៅទើសគេ”។ ខ្ញុំស្ដាប់ហើយ ឈឺចាប់ណាស់ មិនដឹងគាត់និយាយលេង ឬនិយាយមែនទេ តែក៏មិនខឹងគាត់ដែរ ព្រោះដឹងថាខ្លួនឯងពេលនោះ ពិតជាគ្មានសមត្ថភាពមែន គ្រាន់តែគិតក្នុងចិត្តថា កំណាញ់ម្ល៉េះមើលផងមិនបាន។
តាំងពីពេលនោះមក ខ្ញុំក៏មានក្ដីស្រមៃធំជាងមុនថា នឹងបើកហាងលក់មាសពេជ្រអោយបាន មិនមែនត្រឹមតែពាក់នោះទេ។ ពិតជាគិតឆ្កូតៗពេកហើយ ព្រោះកាលនោះគ្មានលុយជាប់ខ្លួនសោះ ទិញមួយជីក៏មិនបានផងហ្នឹង ហ៊ានស្រមៃដល់បើកហាងមាសពេជ្រ។ ការប្រឹងប្រែងរបស់ខ្ញុំ នៅតែមានជានិច្ច គឺខ្ញុំបានយកលុយសល់បន្តិចបន្តួចជាប់ខ្លួន មកប្រើជាដើមទុនទិញផលិតផលគ្រឿងសម្អាងលក់កាលឆ្នាំ២០១២។
ពេលខ្ញុំលក់នោះ គេមិនទាន់ផ្អើលរឿងគ្រឿងសម្អាងបែបនេះទេ ទើបធ្វើឱ្យទីផ្សាររីកលឿន ហើយខ្ញុំក៏បានស៊ើបរឿងយកគ្រឿងសម្អាងពីថៃមកលក់។ បន្ទាប់មក ក៏ចាប់ផ្ដើមស្គាល់គេច្រើន និងនាំចូលកាន់តែច្រើន រហូតបើកក្រុមហ៊ុននាំចូល និងចែកចាយគ្រឿងសម្អាងក្នុងឆ្នាំ២០១៨។ នេះចាត់ទុកថាជោគជ័យណាស់ហើយ តែមិនភ្លេចអារឿងគេមើលងាយ ចង់បើកហាងមាសពេជ្រហ្នឹងហ្មង។ ទោះរវល់ជាមួយក្រុមហ៊ុនគ្រឿងសម្អាងមែន តែខ្ញុំនៅតែសម្រេចក្ដីស្រមៃរបស់ខ្ញុំអោយបាន គឺបើកហាងលក់មាសពេជ្រ។ គិតសព្វៗទៅ ពិតជានឹកស្មានមិនដល់ ប៉ុន្តែការប្រឹងប្រែងមិនអត់ប្រយោជន៍ទេ។
ឥឡូវបើកហាងបានហើយ អ្នកណាចង់មើលប៉ុន្មានម៉ោងក៏បានដែរ អត់យកលុយ អត់ដេញទេ ហេហេហេ។ គ្រាន់តែមើលសោះ មានអស់អី! ឥឡូវមកថតបទចម្រៀងទៀតហើយ ព្រោះស្រលាញ់ខាងច្រៀងរាំ សម្ដែងហ្នឹងហ្មង។ ប្រឹងរកស៊ីមកដើម្បីអី គឺដើម្បីបំពេញក្ដីសុខខ្លួនឯងផង ជួយគេផង វាធ្វើអោយយើងសប្បាយចិត្ត។ ចឹងកុំឆ្ងល់ថា ហេតុអីខ្ញុំមានលុយល្មមចាយដែរហើយ នៅតែប្រឹងមិនដឹងថ្ងៃយប់ គឺមកពីចង់សម្រេចក្ដីស្រមៃច្រើនទៀត ហើយសង្ឃឹមបងប្អូនអាចប្រឹងប្រែងដូចគ្នា»។
khosja