ចង់ឲ្យសាលាដទៃទៀតមានដែរ!! អនុវិទ្យាល័យមួយកន្លែងបានបង្កើតសួនបន្លែដើម្បីឱ្យសិស្សានុសិស្សរៀនដាំដុះដំណាំកសិកម្ម…
M.C អនុវិទ្យាល័យសង្កាត់ព្រះបាទបានបង្កើតឱ្យមានសួនបន្លែដើម្បីឱ្យសិស្សានុសិស្សរៀនសិក្សាផ្នែកជំនាញដាំដុះដំណាំកសិកម្ម ដែលជាការរួមចំណែកជួយបណ្តុះផ្នត់គំនិតឱ្យសិស្សានុសិស្សចេះជួយការងារដាំដុះនៅផ្ទះផងដែរ។
ក្នុងសកម្មភាពថែទាំបន្លែនៅអនុវិទ្យាល័យព្រះបាទសង្កាត់ព្រះបាត ក្រុងខេត្តស្ទឹងត្រែង ថ្ងៃទី១០ មករា លោកកែវ គឹមម៉ក់ នាយកវិទ្យាល័យនេះបានបញ្ជាក់ថា ការបណ្តុះផ្នត់គំនិត សិស្សានុសិស្សចាប់ពីវ័យសិក្សាឡើងទៅ នឹងជួយឲ្យពួកគាត់ចេះជំនាញផ្នែកកសិកម្មមួយបន្ថែមទៀត ព្រោះកម្មវិធីរបស់ក្រសួងអប់រំបានកំណត់ពេល វេលាឱ្យសិក្សាផ្នែកកសិកម្ម ក្នុងមួយសប្តាហ៍ចាប់ពី២ម៉ោងទៅ៥ម៉ោងសម្រាប់សិស្សរៀនបំនិនជីវិត។
លោកថា នេះជាកាតព្វកិច្ចឱ្យសិស្សានុសិស្សចាប់យកមុខជំនាញសម្រាប់បង្កើនចំណេះដឹងរបស់ខ្លួនផង ហើយជាចំណែកមួយ បានកាត់បន្ថយពេលវេលាដែលសិស្សដើរលេងច្រើន ឱ្យងាកមកធ្វើការងាររបស់ខ្លួនប្រចាំនៅសាលារៀន ក៏ដូចជានៅផ្ទះ និងអាចចៀសផុតពីការយកពេលទំនេរ ទៅដើរលេងផ្តេសផ្តាស់ ឬទៅប្រព្រឹត្តអំពើមិន គម្បីជាដើម ។
យុវតី ម៉ា រតនា រៀនថ្នាក់(ទី៩ ក)បានគាំទ្រមុខជំនាញនេះ ព្រោះបានឱ្យយុវសិស្សចេះដំាដុះដំណាំកសិកម្ម នៅសាលារៀនក៏ដូចជានៅផ្ទះ ដោយសារសិស្សានុសិស្សមករៀននៅអនុវិទ្យាល័យនេះ សុទ្ធសឹងជាកូនចៅកសិករទាំងអស់ ហើយយកចំណេះនេះទៅដាំដុះដំណាំកសិកម្មនៅផ្ទះផងដែរ។
យុវតីរូបនេះបន្តថា ការដាំដុះបន្លែនៅសាលារៀនបានផលយកទៅបរិភោគផង និងលក់បានប្រាក់ជួយដោះស្រាយភាពខ្វះខាតក្នុងគ្រួសារ ព្រោះថវិកាបានពីការលក់បន្លែនេះលោកគ្រូអ្នកគ្រូបានជួយមកសិស្សទាំងអស់ ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សដែលធ្លាប់តែបោះបង់ចោលការសិក្សាបានមករៀនសូត្របានវិញ។
សូមបញ្ជាក់ថា ការបង្កើតសួនបន្លែនៅសាលារៀននេះជាគំរូមួយនៅក្នុងសង្កាត់ព្រះបាតសម្រាប់ឱ្យសិស្សនុសិស្សជាង៦០នាក់រៀននៅអនុវិទ្យាល័យនេះមានបំនិនជីវិតសម្រាប់ការរស់នៅក្នុងសង្គមបច្ចប្បន្នដែលកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍជឿនលៀនផ្នែកវិស័យកសិកម្ម៕
ប្រភព៖ប្រភព៖AKP