ពិតជាមន្រ្តីល្អមែន!!! រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី លាលែងពីតំណែង ក្រោយបរាជ័យធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ
កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី លោក Maszlee Malik ដែលប្រឈមការរិះគន់ជាច្រើន ចាប់តាំងពីឡើងកាន់តំណែងនេះមក បានប្រកាសចុះចេញពីតំណែង។ លោក អះអាងថា ការលាលែងពីតំណែងនេះ គឺទទួលការផ្តល់យោបល់ពីសំណាក់លោកនាយករដ្ឋមន្ត្រី។នាសន្និសីទព័ត៌មានមួយនៅថ្ងៃ២ ខែមករា លោករដ្ឋមន្ត្រី Maszlee Malik បានជូនដំណឹងដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ជុំវិញបំណងក្នុងការលាលែងពីតំណែងនេះ។ ការលាលែងពីតំណែងរបស់លោកនេះ នឹងចូលជាធរមាន នាថ្ងៃសុក្រ ៣ មករា ឆ្នាំ២០២០។
«ដោយទទួលយោបល់ពីលោកបណ្ឌិត មហាធៀ ដែលប្រៀបដូចជាឪពុកសម្រាប់ខ្ញុំ មេដឹកនាំ និងបុរសរដ្ឋដ៏អាស្ចារ្យ ខ្ញុំ Maslee Malik ជាមួយបេះដូងដ៏រឹងប៉ឹងតែស្ងៀមស្ងាត់ សម្រេចជូនតំណែងជារដ្ឋមន្ត្រីអប់រំម៉ាឡេស៊ីត្រលប់ទៅលោកនាយករដ្ឋមន្ត្រីវិញ»។ លោក Maszlee និយាយបែបនេះ។តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia អ្នកនយោបាយវ័យ ៤៦ ឆ្នាំរូបនេះ ទទួលរងការរិះគន់ជាច្រើន ជាពិសេស រឿងកំណែទម្រង់វិស័យអប់រំដែលលោកបានដាក់ចេញ។ លោក ត្រូវបានរិះគន់ថាបរាជ័យក្នុងការពង្រឹងបទដ្ឋានអប់រំ ហើយវាក៏មានបណ្ដឹងទាមទារតាមអនឡាញស្នើឲ្យលោកលាលែងពីតំណែងថែមទៀតផង។
បន្ថែមពីបញ្ហាកំណែទម្រង់ប្រព័ន្ធអប់រំម៉ាឡេស៊ី ក្នុងខែ កញ្ញា ឆ្នាំ២០១៨ លោក Maszlee បានយល់ព្រមទទួលយកការតែងតាំងជានាយកនៃសកលវិទ្យាល័យឥស្លាមអន្តរជាតិរបស់ម៉ាឡេស៊ី ទោះបីជាសម្ព័ន្ធភាពនយោបាយរបស់លោក មហាធៀ សន្យាស្តារសេរីភាពផ្នែកអប់រំក្នុងកម្រិតឧត្តមសិក្សា។ ក្រោយមក លោកបានលាលែងពីតួនាទីនេះក្នុងខែវិច្ឆកា ឆ្នាំដដែល ក្រោយរងការជំទាស់ខ្លាំងៗពីក្រុមនិស្សិត និងអ្នកនយោបាយ។
យ៉ាងណាមិញ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ដដែល លោក Maszlee ក៏បានលើកឡើងពីគុណសម្បត្តិខ្លះៗនៃកំណែទម្រង់អប់រំក្នុងរយៈពេល២០ខែចុងក្រោយផងដែរ ។ លោក លើកឧទាហរណ៍ថា លោកបានជួយបន្ធូរបន្ថយបន្ទុករបស់គ្រូ ដោយកាត់បន្ថយកិច្ចការដែលមិនទាក់ទងនឹងការបង្រៀន និងលើកកម្ពស់យុទ្ធនាការនៃការអានម៉ាឡេស៊ី ដើម្បីជំរុញទម្លាប់នៃការអានសៀវភៅ ជាដើម។ក្រោយការប្រកាសដើរចេញពីតំណែងជារដ្ឋមន្ត្រីអប់រំ លោកនាយករដ្ឋមន្ត្រី មហាធៀ តាមរយៈបណ្តេញសង្គមហ្វេសប៊ុក បានអរគុណដល់លោក Maszlee សម្រាប់កិច្ចប្រឹងប្រែងរបស់លោកជូនដល់ប្រទេសជាតិ។ ត្រង់នេះ លោកសរសេរដូច្នេះថា៖«ខ្ញុំនឹងសម្រេចរើសអ្នកជំនួសលោក Maszlee ហើយនឹងប្រកាសនាពេលឆាប់ៗខាងមុខ»៕
ប្រភព៖ ថ្មីៗ