ភ្ញៀវទេសចរណ៍ធ្លាក់ចុះបង្កើតឲ្យមានបញ្ហាសេដ្ឋកិច្ច!! ម្ចាស់សណ្ឋាគារអប្សរាអង្គរ និងសារមន្ទីរសព្វទស្សន៍អង្គរ ប្រកាសបិទអាជីវកម្ម ស្របគ្នានិងសណ្ឋាគារនៅភ្នំពេញដោយសារតែ…
សៀមរាប៖ សណ្ឋាគារអប្សរាអង្គរ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ម្សិលមិញតទៅ ដែលមូលហេតុនៃការបិទទ្វារនេះ គឺបញ្ហាសេដ្ឋកិច្ច។ សណ្ឋាគារនេះ បានបើកដំណើរការអស់រយៈពេលប្រមាណជា ១៨ឆ្នាំមកហើយ និងធ្លាប់ទទួលបានពានរង្វាន់ ASEAN Green Hotel Standard ពីរដង និងជាសណ្ឋាគារឆ្នើមទទួលពានរង្វាន់ សណ្ឋាគារគ្មានផ្សែងបារី កាលពីពេលថ្មីៗនេះ។
ដោយឡែក ងាកមកសារមន្ទីរសព្វទស្សន៍អង្គរវិញ ដែលវិនិយោគដោយក្រុមហ៊ុនរបស់កូរ៉េខាងជើង មានតម្លៃ ២៤លានដុល្លារអាមេរិក នៅខេត្តសៀមរាប ក៏បានប្រកាសបិទទ្វារជាផ្លូវការផងដែរ។
ក្រៅពីនោះ ភោជនីយដ្ឋាន និងហាងកាហ្វេចំនួន ៦ កន្លែងផ្សេងទៀត ត្រូវបានប្រកាសបិទទ្វារព្រមគ្នា ក្រោយបានលេចរូបរាងកាលពីឆ្នាំ២០១៥។ តាមសេចក្ដីប្រកាសរបស់សារមន្ទីរខាងលើបានសង្កត់ធ្ងន់ថា ថ្នាក់គ្រប់គ្រង បានសម្រេចផ្អាកអាជីវកម្មជាបន្ទាន់ និងបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។
សូមបញ្ជាក់ថា កន្លងទៅសារមន្ទីរមួយនេះ ទទួលបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាជាបន្តបន្ទាប់ ដើម្បីចង់ស្វែងយល់ពីវប្បធម៌ និងអច្ឆរិយរបស់ខ្មែរ ដែលបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៥ សាងសង់ឡើងដោយក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងជើង និងការចូលរួមពីអាជ្ញាធរអប្សរា។
សារមន្ទីរ 3D ដំបូងបង្អស់នៅប្រទេសកម្ពុជា មានបំពាក់គ្រឿងបរិក្ខាទំនើបៗដែលអាចបង្ហាញអំពីប្រវត្តិនៃប្រាសាទបុរាណ និងប្រវត្តិនៃព្រះមហាក្សត្រខ្មែរតាមជំនាន់នីមួយៗ តាមរយៈរូបភាព និងវីដេអូជាប្រភេទ 3D។ការប្រកាសបិទជាបន្តបន្ទាប់ នៃសណ្ឋាគារធំៗលំដាប់ខ្ពស់ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញនេះ ហាក់ធ្វើឡើងព្រមៗគ្នា និងអះអាងថា បណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច៕
ប្រភព៖clicknews