មិនចាញ់ស្រុកគេប៉ុន្មានទេ!! គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ ២០២០…
ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសាងសង់ លើផ្ទៃដីទំហំជាង ៨៥ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ គ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២០ ខាងមុខនេះ ខណៈបច្ចុប្បន្នបានបញ្ចប់បង្គុំសំណង់ ១០០ % ហើយកំពុង តម្លើងតំបូលបន្តទៀត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រហ្វេសបុកផ្លូវការ Morodok Techo National Stadium ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះ។
សំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ជា៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអាគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ បានស្ថាបនាឡើងក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួនជិត១៦០លានដុល្លារអាម៉េរិក ដែលមកដល់ពេលនេះសម្រេច បាន ៦០ភាគរយហើយ ដោយចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ២០១៣ និងបែងចែកជា ៣ដំណាក់កាល ដោយគ្រោងនឹងចំណាយពេលប្រមាណ៧ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២០ ជាបញ្ចប់ជាស្ថាពរ។
នៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។
លើសពីនេះទៅទៀត ពហុកីឡាដ្ឋានមរតកតេជោ ក៏មានទីធ្លាសម្រាប់កម្មវិធីជាតិដូចជា ការតាំងពិព័រណ៍ផ្សេងៗ ការប្រគុំតន្រ្តី ការិយាល័យ ហើយហ៊ុព័ទ្ធដោយអគារស្នាក់នៅ អាហារដ្ឋាន សណ្ឋាគារខ្នាតយក្ស សួនទឹកកម្សាន្ត។
គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសាងសង់នៅលើផ្ទៃដីជាង ៨៥ហិកតានេះ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ ២០២៣ខាងមុខនេះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាចផ្ទុកអ្នកទស្សនាបានរហូតដល់ប្រមាណជា ៧ម៉ឺននាក់៕
ប្រភព៖ propertyarea