រដ្ឋាភិបាលថៃចាយលុយ ១៨ពាន់លានបាត ម៉ៅកៅស៊ូទាំងអស់មកឆ្នៃធ្វើខ្នើយជ័រ ដោយសារកសិករ…

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មថៃបានដាក់ចេញនូវសំណើរដើម្បី​ចែកខ្នើយជ័រចំនួន ៣០ លានខ្នើយ ដោយគំនិតនេះត្រូវបានលើកឡើងដោយលោក Capt Thamanat Prompow កាលពីសប្តាហ៍មុនដើម្បីជួយកសិករដាំកៅស៊ូដែលបានស៊ូទ្រាំនឹងតម្លៃទាប។ ចំពោះផែនការដែលបានស្នើសុំនេះ គឺស្របជាមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស Palang Pracharath ដើម្បីគាំទ្រកសិករដាំកៅស៊ូ និងជួយបង្កើនតម្លៃដំណាំផងដែរ។

ជាក់ស្ដែងជ័រកៅស៊ូ ១៥ ម៉ឺនតោននឹងត្រូវបានទិញដោយផ្ទាល់ពីកសិករដែលបានចុះបញ្ជីក្នុងតម្លៃ ៦៥ បាតក្នុងមួយគីឡូក្រាម ដោយតម្លៃនេះគឺ ខ្ពស់ជាងតម្លៃទីផ្សារជាមធ្យមក្នុងពេលបច្ចុប្បន្នដែលមានត្រឹមតែ ៤០ បាតក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះដែរក្នុងការផលិតខ្នើយនីមួយៗ ត្រូវបានគេប៉ាន់ស្មានថានឹងចំណាយអស់ ៦០០ បាត ដោយគ្រោងនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិចារណានៅខែក្រោយ។

យ៉ាងណាមិញចំពោះផែនការនេះក៏មានគំនិតខ្លះប្រឆាំង និងគំនិតខ្លះយល់ស្របផងដែរ ដោយគំនិតខ្លះបានលើកឡើងថាការចែកខ្នើយជ័រចំនួន ៣០ លានខ្នើយដែលមានតំលៃសរុបចំនួន ១៨ ពាន់លានបាតមិនមែនជាវិធីត្រឹមត្រូវនោះទេ។ រដ្ឋាភិបាលអាចធ្វើបានល្អជាងនេះជាមួយនឹងចំនួនទឹកប្រាក់នោះ តាមរយៈការលើកកម្ពស់ឧស្សាហកម្មផលិតសំបកកង់កៅស៊ូ ដើម្បីបង្កើនតម្លៃកៅស៊ូ។ ផ្ទុយទៅវិញនាយកប្រតិបត្តិក្រុមហ៊ុន Thai Hua Rubber Plc

បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយនិយាយថាវានឹងជំរុញតម្រូវការក្នុងស្រុក និងផ្តល់តម្លៃដល់កៅស៊ូ ហើយអាជ្ញាធរពាក់ព័ន្ធគួរបង្កើនការងារដើម្បីធានាតម្លាភាពនៃដំណើរការនេះ។ មិនតែប៉ុណ្ណោះលោកក៏បានស្នើផងដែរថា រដ្ឋាភិបាលអាចពង្រីកគម្រោងនេះដោយលក់ក្នុងតម្លៃទាប ឬផ្តល់ខ្នើយជ័រដល់ភ្ញៀវទេសចរបរទេសដើម្បីជាយុទ្ធសាស្រ្តមួយទាក់ទាញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *