ជួយគាំទ្រផង បងប្អូន!!! កុមារីអាយុ១៣ឆ្នាំម្នាក់ អាចនិពន្ធសៀវភៅប្រលោមលោកកម្រាស់ជាង៣០០ទំព័របាន…
ភ្នំពេញ៖ ក្នុងវ័យ១៣ឆ្នាំ កុមារី ឡុង រចនា បានក្លាយជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានកម្រាស់ជាង៣០០ទំព័រ។ «ផ្លូវស្នេហ៍មរណៈ» ជាចំណងជើងសៀវភៅរបស់សិស្សថ្នាក់ទី៨រូបនេះ ដែលបានសរសេររយៈពេល៦ខែនិងបានដាក់លក់ជាផ្លូវការនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៨កាលពីពេលកន្លងទៅនេះ។ តើហេតុអ្វីបានរចនាមានសមត្ថភាពនិពន្ធសៀវភៅទាំងវ័យក្មេងបែបនេះ?
«ផ្លូវស្នេហ៍មរណៈ» ជាចំណងសៀវភៅប្រលោមលោកបែបបរទេស ដែលនិយាយពីដំណើរផ្សងផ្សេងប្រកបដោយគ្រោះថ្នាក់ ត្រូវបានដាក់លក់នៅពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ សៀវភៅដែលមានក្របពណ៌ខ្មៅ និងមានរូបតារាប្រុសស្រីជនជាតិចិនទាំងពីរនេះ បានលក់ដាច់ជាង៥០ក្បាលដែរនៅក្នុងការតាំងពិព័រណ៍នោះ។ បើគេមិនស្គាល់អ្នកនិពន្ធសៀវភៅនេះទេ គេទំនងជាគិតថា សៀវភៅនេះ សរសេរដោយមនុស្សពេញវ័យ ឬមនុស្សចាស់ តែផ្ទុយទៅវិញ សៀវភៅកម្រាស់៣៣៥ទំព័រនេះ គឺជាស្នាដៃលើកដំបូងរបស់កុមារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះថា ឡុង រចនា។
រចនា ដែលមានសម្បុរស និងមាឌតូចច្រឡឹង គឺជាសិស្សថ្នាក់ទី៨នៃសាលាឯកជនមួយនៅភ្នំពេញ។ ចូលចិត្តអានសៀវភៅប្រលោមលោកទាំងខ្មែរ និងបរទេសតាំងតែពីដើមមក បានធ្វើឲ្យកុមារីរូបនេះ មានទុននៅក្នុងការសរសេរសៀវភៅនេះ បើទោះបីនាងមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលពីការតែងនិពន្ធក៏ដោយ។អង្គុយក្នុងហាងកាហ្វេមួយក្នុងខណ្ឌដង្កោ រចនា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗលាយឡំនឹងស្នាមញញឹមយ៉ាងដូច្នេះថា៖ «មូលហេតុដែលជំរុញឲ្យខ្ញុំនិពន្ធហ្នឹង គឺដោយសារការអាន។ ខ្ញុំចូលចិត្តអានសៀវភៅតាំងពីតូច។ ពេលអានយូរៗទៅ យើងក៏ចង់បង្កើតពិភពលោកមួយដែលបញ្ជាដោយខ្លួនឯង។ ដូច្នេះ វាជាទឹកចិត្តជំរុញមួយដែលខ្ញុំនិពន្ធរឿងហ្នឹង។ ម្យ៉ាង ខ្ញុំចូលចិត្តអានសៀវភៅប្រលោមលោកបែបដំណើរផ្សងព្រេង ឬដោះស្រាយអាថ៌កំបាំង។ អ៊ីចឹងទើបយើងចង់បង្កើតសៀវភៅមួយសម្រាប់ខ្លួនឯង»។
តាមពិតទៅ រចនា ដែលរស់នៅជាមួយម្តាយ និងប្អូនម្នាក់ក្នុងជីវភាពធូរធារមួយក្នុងសង្កាត់ស្ទឹងមានជ័យ បានផ្តើមសរសេរសៀវភៅតាំងពីខ្លួនរៀនថ្នាក់ទី៦មកម្ល៉េះ។ កាលនោះ នាងបានសរសេររឿងរ៉ាវរបស់ខ្លួន ដើម្បីបង្កើតជាសៀវភៅមួយក្បាលសម្រាប់ទុកផ្ទាល់ខ្លួន។ ក្រោយមក នាងក៏សម្រេចចិត្តសរសេរសៀវភៅ«ផ្លូវស្នេហ៍មរណៈ» ដើម្បីដាក់លក់លើទីផ្សារ ជាការបង្ហាញស្នាដៃរបស់ខ្លួនចូលក្នុងពិភពអ្នកនិពន្ធ។ភ្នែកពាក់វែនតាម្ញូម សក់វែងខ្មៅរលោង រចនា ដែលមានចរិតរួសរាយរាក់ទាក់ បានប្រាប់ពីដំណើរដើមទងនៃការសរសេរសៀវភៅមួយក្បាលនេះយ៉ាងដូច្នេះថា៖ «សៀវភៅដែលខ្ញុំសរសេរហ្នឹង ភាគច្រើន ខ្ញុំរួមគំនិតជាមួយមិត្តរួមថ្នាក់ម្នាក់។ យើងជួយគិតគ្នាថា រឿងហ្នឹងត្រូវសរសេរបន្តយ៉ាងម៉េច? ភាគច្រើន គាត់ជាអ្នកផ្តើមសាច់រឿង ឯខ្ញុំជាអ្នកសរសេរសម្រាយពីដើមដល់ចប់។ សៀវភៅ ផ្លូវស្នេហ៍មរណៈ យើងគិតជារឿងលក្ខណៈព្រៃភ្នំ។ កាលនោះ គិតពីព្រៃអាម៉ាហ្សូន តែគិតចុះគិតឡើងមកសរសេរសាច់រឿងដំណើរផ្សងព្រេងក្នុងផ្នូរបុរាណវិញ»។
សៀវភៅ «ផ្លូវស្នេហ៍មរណៈ» ជាសំណេរដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់គូស្នេហ៍មួយគូជាមួយក្រុមរបស់ពួកគេទៅកាន់ផ្នូរបុរាណ ដោយក្នុងនោះ រចនា បានបញ្ចូលឈ្មោះតួអង្គជនជាតិចិន ដើម្បីបង្កើតជាឈុតឆាកគ្រប់រសជាតិសម្រាប់អ្នកអានរបស់នាង។ដៃកាន់សៀវភៅដែលជាស្នាដៃដំបូងរបស់ខ្លួន រចនា បានពន្យល់ពីអត្ថន័យមួយចំនួននៃសៀវភៅនេះដូច្នេះថា៖ «សៀវភៅហ្នឹង ភាគច្រើន គឺបែបញាប់ញ័រ និងរន្ធត់ ព្រោះក្នុងវគ្គហ្នឹង ខ្ញុំបញ្ចូលមានខ្មោច ឬការស្លាប់រស់ស្មើគ្នា។ អ្នកអាន គាត់នឹងមានអារម្មណ៍ថា ភ័យ ដោយសារខ្លាចតួអង្គស្លាប់។ ចំណែក ការអប់រំវិញ យើងបញ្ចូលនូវភាពសាមគ្គី ហើយបើស្នេហាវិញ យើងផ្តោតលើស្នេហាដ៏បរិសុទ្ធ។ ក្នុងនោះ ក៏មានកំប្លែងដែរ»។
បើតាមកុមារី ឡុង រចនា មូលហេតុដែលនាងដាក់តួអង្គជាជនជាតិចិន ព្រោះតែជនជាតិចិន មានទំនៀមទម្លាប់បូជាសពដោយការធ្វើជាផ្នូរ ហើយចំណុចនេះ ខ្មែរមិនមាននោះឡើយ ពោល គឺខ្មែរមានទំនៀមទម្លាប់បូជាសពដោយការដុត។បើតាមរចនា ការសរសេរសៀវភៅ មិនមែនជាការងារស្រួលឡើយ ដ្បិតត្រូវចំណាយពេលវេលាច្រើន និងត្រូវមានអារម្មណ៍ផ្ចិតផ្ចង់ខ្ពស់។ នាងបញ្ជាក់ថា នៅពេលនាងកំពុងសរសេរ នាងបានស្វែងរកការផ្តល់យោបល់ពីមិត្តភក្តិ និងសមាជិករោងពុម្ពខ្លះដែរ ដើម្បីធ្វើឲ្យសៀវភៅនេះ អាចសរសេរចប់ដោយរលូន។បើទោះបីជានៅក្មេង បទពិសោធន៍ជីវិតមានតិច រៀនមិនទាន់បានខ្ពស់ តែរចនា ហាក់មិនមានការភ័យខ្លាចនៅក្នុងប្រឡូកក្នុងវិស័យតែងនិពន្ធនោះទេ ព្រោះនាងនិពន្ធចេញពីការស្រមើលស្រមៃរបស់ខ្លួន ដោយមិនបានចម្លងស្នាដៃអ្នកនិពន្ធផ្សេងឡើយ។ ទោះជាយ៉ាងណា នាងនឹងទទួលនូវការរិះគន់ពីអ្នកដទៃ ដើម្បីកែលម្អស្នាដៃរបស់ខ្លួនឲ្យកាន់តែប្រសើរជាបន្តបន្ទាប់។
ឡុង រចនា ជាកុមារីដែលរៀនពូកែកាលពីថ្នាក់បឋមសិក្សា។ នាងបានទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥រហូតមក តែសម្រាប់ការសិក្សានៅថ្នាក់អនុវិទ្យាល័យនេះ នាងបានធ្លាក់ចំណាត់ថ្នាក់បន្តិចដែរ ដ្បិតរវល់ប្រឹងប្រែងសរសេរសៀវភៅនេះ។ យ៉ាងណា នាងនឹងមិនបោះបង់ការនិពន្ធសៀវភៅនោះទេ ផ្ទុយទៅវិញ កុមារីដែលមានឆន្ទៈមុតស្រួចរូបនេះ គ្រោងសរសេរសៀវភៅមួយក្បាលទៀត ដើម្បីផ្តល់ដល់អ្នកអានរបស់នាង។បន្ទាប់ពីជោគជ័យក្នុងបញ្ចប់ការសរសេរសៀវភៅនេះ កុមារី ឡុង រចនា បានពន្យល់ពីរបៀបនិពន្ធសៀវភៅបែបប្រលោមលោកយ៉ាងដូច្នេះថា៖ «ប្រលោមលោក មុនយើងសរសេរ យើងត្រូវរៀបគម្រោងសាច់រឿងសិន ចាំយើងសរសេរសម្រាយតាមក្រោយ។ បន្ទាប់ពីរៀបគម្រោងហើយ យើងត្រូវកំណត់អត្តចរិតរបស់តួអង្គ។ យើងអាចយកអត្តចរិតរបស់មនុស្សនៅជុំវិញខ្លួនយើងមកប្រៀបធៀប។ ឧទាហរណ៍ថា តួឯកប្រុសម្នាក់ហ្នឹង គាត់មានចរិតស្ងប់ស្ងាត់ សោះកក្រោះ តែយើងយកគាត់មកដាក់ជាតួលេងសើចច្រើន អ៊ីចឹងវាអត់ត្រូវនឹងអត្តចរិតរបស់គាត់»។
តាមពិតទៅ កន្លងមក រចនា ដែលមានសែស្រឡាយជាអ្នកសិល្បៈ គ្មានបំណងចង់ក្លាយជាអ្នកនិពន្ធនោះទេ។ តែកុមារីរូបនេះ ចូលចិត្តច្រៀង សម្តែង និងសិល្បៈផ្សេងទៀត រហូតធ្លាប់ចូលប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia និងបានដាក់ពាក្យធ្វើតេស្តសមត្ថភាពសម្តែងនៅក្នុងផលិតកម្មមួយចំនួនដែរ តែបានធ្លាក់ជាបន្តបន្ទាប់។ ទោះបរាជ័យច្រើនមែន តែនាងនៅតែចិញ្ចឹមចិត្តហក់ចូលក្នុងវិស័យសិល្បៈដដែល និងប៉ងនិពន្ធសាច់រឿងមួយ ដែលនាងជាអ្នកសម្តែងផ្ទាល់ផងដែរ៕
ប្រភព ថ្មីថ្មី